សម្តេចហ៊ុន ម៉ាណែត បញ្ជាអោយគ្រប់ក្រសួងឈប់ជ្រើសរើសមន្ត្រីរាជការសម្រាប់ឆ្នាំ២០២៣
ភ្នំពេញ៖ ប្រមុខរដ្ខាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យផ្អាកគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ នេះ ដោយត្រូវរង់ចាំយន្តការថ្មី ដើម្បីធានាសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌ ក្នុងការប្រឡងជ្រើសរើសនេះ។ នេះបើយោងតាមសារជាសំឡេងជាមួយនាទី នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ដោយសារការជ្រើសរើសមន្ត្រីរាជការ គឺជាកិច្ចការសំខាន់ នៅក្នុងការកែទម្រង់មុខងារសាធារណៈរបស់យើង នៅក្នុងអាណត្តិថ្មី! ( ដូច្នេះ ) ខ្ញុំសូមផ្អាករាល់ការជ្រើសរើសមន្ត្រីរាជការរបស់យើង នៅក្នុងឆ្នាំ២០២៣ ដែលនៅសេសសល់ សម្រាប់ត្រៀមរៀបចំនៅពេលក្រោយ។ ព្រោះខ្ញុំឃើញឯកឧត្តមរដ្ឋមន្ត្រីមុខងារសាធារណៈ បានស្នើសុំរៀបចំនីតិវិធី ដើម្បីប្រឡងជ្រើសរើសមន្រ្តីរាជការ នៅក្រសួង ៣ នៅក្នុងឆ្នាំ២០២៣ នេះ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា «គណៈកម្មការជាតិ ពាក់ព័ន្ធទៅនឹងកំណែទម្រង់មន្ត្រីមុខងារសាធារណៈនេះ ដែលក្នុងនោះ Component ( សមាសភាគ ) មួយដែលសំខាន់ ក្នុងការប្រឡងនេះ ឱ្យសុក្រឹត្យភាព គឺជាគោលដៅធំ សម្រាប់រដ្ឋាភិបាលថ្មី។ អីចឹង ដើម្បីឱ្យចេញដេប៉ាដោយសុក្រឹត្យភាពតែម្តង គឺខ្ញុំសូមផ្អាកការប្រឡងជ្រើសរើសមន្ត្រី ចាប់ពីពេលនេះទៅ រហូតទៅដល់ការរៀបចំគណៈកម្មការ និងយន្តការថ្មី ដែលរៀបចំក្នុងពេលឆាប់ៗខាងមុខរួច»៕