ប្រយ័ត្នចាញ់បោក!ថ្មីៗនេះមានអ្នកក្លែងបន្លំជាបុគ្គលិកអគ្គិសនីតាកែវខលទូរសព្ទឆបោកឱ្យអតិថិជនបង់ប្រាក់

(ខេត្តតាកែវ)៖ អគ្គិសនីខេត្តតាកែវបានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានករណីជនខិលខូចមួយចំនួនបានក្លែងបន្លំជានិយោជិតរបស់អគ្គិសនីតាកែវ ដើម្បីឆបោកប្រជាពលរដ្ឋដែលអតិថិជនរបស់អគ្គិសនីតាកែវតាមទូរសព្ទឱ្យពួកគេផ្ទេរប្រាក់តាមរយៈភ្នាក់ងារវីង ឬភ្នាក់ងារផ្សេងៗដើម្បីផ្លាស់ប្ដូរឌីស្យុទ័រថ្មី ឬប្ដូរនាឡិកាស្ទង់ថ្មី ឬបង្គាប់ឱ្យមានការផ្ញើបង់ប្រាក់ថ្លៃសេវាប្រើប្រាស់ថាមពលប្រចាំខែ ដើម្បីកុំឱ្យមានការកាត់ផ្ដាច់ចរន្តអគ្គិសនី។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីតាកែវ ចេញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

តាមរយៈសេចក្ដីជូនដំណឹងដដែល អគ្គិសនីតាកែវបានបញ្ជាក់ច្បាស់ៗថា អគ្គិសនីតាកែវគ្មានគោលការណ៍តម្រូវឱ្យអតិថិជនបង់ប្រាក់ខុសពីទឹកប្រាក់ដែលត្រូវបង់នៅលើវិក្កយបត្រផ្លូវការរបស់អគ្គិសនីតាកែវនោះឡើយ ចំណែកឯការបង់ប្រាក់គឺមានតែនៅបញ្ជរបេឡាអគ្គិសនីតាកែវ និងសាខាអង្គតាសោមផ្ទាល់ ឬនៅតាមភ្នាក់ងារ និងធនាគារដៃគូរបស់អគ្គិសនីកម្ពុជា តាមរយៈMobile Banking(កម្មវិធីធនាគារលើទូរសព្ទដៃ) ឬតាមរយៈគណនីធនាគារដៃគូដែលបានជូនដំណឹងកន្លងមកតែប៉ុណ្ណោះ។

អគ្គិសនីតាកែវអះអាងថា អគ្គិសនីតាកែវមិនបានបញ្ជូនបុគ្គលិក ឬនិយោជិតណាម្នាក់ឱ្យទារប្រាក់ពីអតិថិជនដោយផ្ទាល់ ឬតាមមធ្យោបាយណាមួយខុសពីការជូនដំណឹងខាងលើនេះដោយគ្មានវិក្កយបត្រផ្លូវការនោះទេ។ ប្រការនេះអគ្គិសនីតាកែវ អំពាវនាវឱ្យប្រជាពលរដ្ឋជាអតិថិជនទាំងអស់ ត្រូវពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់មុនពេលបង់ប្រាក់។

ដោយឡែក ចំពោះទឹកប្រាក់ដែលអតិថិជនបានទូទាត់ក្រៅប្រព័ន្ធ និងខុសទីតាំងកំណត់របស់អគ្គិសនីតាកែវនោះ គឺខាងអគ្គិសនីមិនទទួលខុសត្រូវនោះទេ។ ចំពោះចម្ងល់ និងព័ត៌មានបន្ថែមអតិថិជនទាំងអស់អាចទំនាក់ទំនងទៅកាន់អគ្គិសនីតាកែវ តាមរយៈប្រអប់សារអេឡិចត្រូនិចនៅលើគេហទំព័រ ឬFacebook Page របស់អគ្គិសនីតាកែវ ឬទំនាក់ទំនងតាមទូរសព្ទលេខ ០៣២ ៩៣១ ២៧៩ / ០៣២ ៦២ ១១១១៥ និង ០៣២ ៦២ ១១១១៦៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open