លោកហ្សង់ ហ្វ្រង់ស័រតាន់ ៖ សម្តេច ហ៊ុន ម៉ាណែត ផ្តើមបញ្ជូនសារសំខាន់ៗ ក្នុងន័យបញ្ជាក់ឡើងវិញជំហរកម្ពុជា លើឆាកអន្តរជាតិ
ភ្នំពេញ៖ លោកហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា សម្តេច ហ៊ុន ម៉ាណែត ចាប់ផ្តើមបញ្ជូនសារសំខាន់ៗ ក្នុងន័យបញ្ជាក់ឡើងវិញ
និងក្នុងន័យពង្រឹងជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិ ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិសរសេរលើបណ្តាញសង្គម
នាថ្ងៃ៥ កញ្ញា មានអត្ថន័យថា តាំងពីថ្ងៃ៤ កញ្ញា សម្តេច ហ៊ុន ម៉ាណែត បាននិងកំពុងបន្តជួបមេដឹកនាំបរទេសដែលអញ្ជើញមកទីនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, អាស៊ានបូក និងអាស៊Iបូព៌ា។ លោក សង្កត់ធ្ងន់ថា “តាមរយៈការសំណេះសំណាល កាលពីម្សិលមិញនិងព្រឹកមិញ(ជាមួយអគ្គលេខាធិការអាស៊ាន, ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី,
ជាមួយសមភាគីឡាវនិងវៀតណាម) និងតាមរយៈសុន្ទរកថា ជាអាទិ៍នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានកាលពីម្សិលមិញ សម្តេច ហ៊ុន ម៉ាណែត ផ្តើមបញ្ជូនសារសំខាន់ៗ ក្នុងន័យបញ្ជាក់ឡើងវិញ
និងក្នុងន័យពង្រឹងជំហររបស់កម្ពុជា នៅលើឆាកអន្តរជាតិ”។
លោកបានលើកឡើងទៀតថា សម្តេច ហ៊ុន ម៉ាណែត អះអាងយ៉ាងទទូចថា កម្ពុជាស្នេហាសន្តិភាព។ ក្នុងន័យនេះ
សម្តេចគូសបញ្ជាក់ថា «សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថា «សន្តិភាពអាចកើតឡើងបាន
លុះត្រាតែមានការស្រុះស្រួលគ្នា ដោយសន្តិវិធី និងកិច្ចសន្ទនា ក្រោមស្មារតីនៃនយោបាយឈ្នះ-ឈ្នះ»។ សារទាំងនេះដែលដកស្រង់ចេញពីបទពិសោធន៍នៃវិនាសកម្មយូរអង្វែងរបស់កម្ពុជា សំដៅជាពិសេស ទៅលើវិបត្តិនៅអ៊ុយក្រែន និងនៅភូមា។
លោកបន្តថា ចំពោះសម្តេច ហ៊ុន ម៉ាណែត សន្តិភាពនិងការអភិវឌ្ឍចិញ្ចឹមគ្នាទៅវិញទៅមក។ គ្មានសោះឡើយការអភិវឌ្ឍសេដ្ឋកិច្ចបើគ្មានសន្តិភាព។ គ្មានដូចគ្នា សន្តិភាពយូរលង់ បើគ្មានការអភិវឌ្ឍជានិរន្តរ។ ម្ល៉ោះហើយ តាំងពីមកដល់នៅហ្សាការតាប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រាថ្នាចង់បាន គឺទីមួយ ពិភពលោកមួយពហុភាគីនិយម ព្រមទាំងសណ្តាប់ធ្នាប់ពិភពលោកមួយ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងលើគោលការណ៍ មិនជ្រៀតជ្រែក។ ទីពីរ សម្តេច ហ៊ុន
ម៉ាណែត ប្រាថ្នាចង់បានការអភិវឌ្ឍរបស់អាស៊ាន (អាស៊ានជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៥)ដែលត្រូវតែពង្រឹង តាមរយៈការបន្តសមាហារណកម្មតំបន់ និងតាមរយៈការពង្រីកសមាហារណកម្ម ទៅក្រៅតំបន់ នៅលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម៕