ក្រុមបង្ហោះម៉ូតូក្រៅអាជីព៣នាក់ត្រូវនគរបាលខណ្ឌច្បារអំពៅហៅទៅអប់រំណែនាំ
(រាជធានីភ្នំពេញ)៖ យុវជនបីនាក់ដែលបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ រំខានដល់អ្នកដំណើរ ត្រូវបាន កម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន ធ្វើការអប់រំណែនាំ និង ចាប់ដោះកង់មុខចេញហើយអោយម្ចាស់ម៉ូតូ កាន់កង់មុខ លោតជុំវិញដងទង់ជាតិ ។
ករណីឃាត់ខ្លួនយុវជនទាំងបីនាក់ ដែលបង្ហោះម៉ូតូ លើផ្លូវសាធារណៈនេះ បានធ្វើឡើងនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងទល់មុខស្ថានីយទូទស្សន៍បាយ័ន ស្ថិតក្នុងភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
យុជនទាំង៣នាក់មានឈ្មោះ ៖
១- ឈ្មោះ គូ សារ៉ាន់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ បន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ៣ ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ស ផ្លាកលេខ ភ្នំពេញ ១JV-០៧៤៣។
២- ឈ្មោះ កីម កុលបុត្រ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
៣-ឈ្មោះ នួន ឧត្តម ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ជិះម៉ូតូ ០១គ្រឿង ឌុបគ្នា ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល ១P-៧៥៨៥។
លោកវរសេនីយ៍ឯក ម៉ៅ សឿត បានអោយដឹងថា ក្រោយសមត្ថកិច្ចចាប់បាន ឥឡូវម៉ូតូទាំង២គ្រឿងត្រូវបានដោះកង់មុខចេញហើយ អោយម្ចាស់ម៉ូតូកាន់កង់លោតជុំវិញដងទង់ជាតិ និងនិយាយពីកំហុសឆ្គងរបស់ខ្លួន ហើយស្រែកខ្លាំងៗប្រាប់ទៅយុវជនដទៃទៀតកុំអោយធ្វើដូចខ្ញុំ ។ យុវជនទាំង៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នដើម្បីធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា និងអោយអាណាព្យាបាលមកផ្តិតមេដៃធានាយកកូន និងម៉ូតូទៅវិញ ៕