ពេញមួយសប្តាហ៍នេះ កម្ពុជាអាចបន្តមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៤-១០ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម នៅតាមតំបន់មួយចំនួន នៃប្រទេសកម្ពុជា អាចបន្តមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នាថ្ងៃទី៤ កញ្ញានេះ។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងធ្លាក់បង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ចំណែកតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែក តំបន់មាត់សមុទ ចាប់ពីថ្ងៃទី៤-៥ កញ្ញា នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បន្ទាប់ពីនោះភ្លៀងធ្លាក់ថមថយមកក្នុងកម្រិតពីតិចទៅមធ្យម៕