រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រកាស​ដាក់ចេញ​យុទ្ធនា​ការ​កាត់​បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅតាមសាលារៀន

ភ្នំពេញ៖ ចាប់​​ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣តទៅ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាស​ដាក់ចេញ​យុទ្ធនា​ការ​កាត់​បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាមួយសិស្សានុសិស្សនៅតាមសាលារៀន។ យុទ្ធនាការ​នេះ  ផ្តើមដំបូងនៅតាមសាលា​រៀន​ទាំង​៤៤ កន្លែងនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ការអប់រំឱ្យប្រជាពលរដ្ឋយល់ពីផលលំបាក ពីឥទ្ធិពលអាក្រក់នៃប្លាស្ទិកសម្រាប់បរិស្ថាន និង​ជីវិត គឺជាកិច្ចការដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅសម្រេចនូវផែនការកាត់បន្ថយការប្រើប្រាស់​ប្លា​ស្ទិក។ លោក អ៊ាង សុផល្លែត ចាប់យកយុទ្ធនាការកាត់បន្ថយ​ប្លា​ស្ទិកជាមួយសិស្សានុសិស្សនៅតាមសាលារៀន។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសំណូមពរសិស្សានុសិស្សទាំងអស់គ្នា ចូលរួមៗក្នុង​យុទ្ធនា​ការ​កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទាំងអស់គ្នា «ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង»

ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានថ្លែងអំណរគុណលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រង​សា​លា ជាពិសេសសិស្សនានុសិស្ស នៅអនុវិទ្យាល័យ ហ៊ុន សែន ទួលសុភី ឃុំទួលសុភី ស្រុក​អូរ​រាំងឪ ខេត្តត្បូងឃ្មុំ បានប្រកាសប្តេជ្ញាចិត្តចូលរួម ក្នុងយុទ្ធនាការនេះ និង បានសន្យាមិន​ប្រើថង់​ប្លាស្ទិកជាដាច់ខាត។

ថង់ប្លាស្ទិកជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ ដែលកំពុងរីករាលដាលនៅលើសកលលោក។ ជារៀងរាល់ឆ្នាំសំណល់ប្លាស្ទិកចំនួន ៣០​០លានតោន ត្រូវបានបង្កើត ហើយត្រូវការរយៈពេល ១ពាន់ឆ្នាំ ដើម្បីរលាយ។ បញ្ហានេះ ក៏កំពុងកើតឡើង​នៅកម្ពុ​ជា​ផ​ង​ដែរ​​។ កំណើនប្រជាជន និងការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស​បាននាំឱ្យបរិមាណសំណល់​មានការកើនឡើង​យ៉ាង​ខ្លាំ​ង។ នៅរាជធានីភ្នំពេញ សំណល់ជាំង ៣,៥០០តោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ដែលក្នុងនោះ ២០ភាគរយជាប្លា​ស្ទិ​ក​។

សូមបញ្ចាក់ថា ការគ្រប់គ្រងសំណល់រឹង សំរាមគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ ដើម្បី​ចូល​រួមការពារ ពង្រឹង ការ​គ្រ​ប់​គ្រ​ងបរិស្ថាន ក្រសួងបរិស្ថានបានបង្កើតច្បាប់ បទដ្ឋានគតិយុត្ដ​ជាច្រើន​ក្នុងនោះមានច្បាប់ធំៗ ក្នុងនោះក្រមបរិស្ថាន​ដែល​មា​ន​វិ​សាលភាព​គ្របដណ្ដប់លើការ​ងារពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិដោយការធ្វើសមាហរណកម្មច្បាប់ និង​លិ​ខិ​ត​​​បទ​ដ្ឋានគតិយុត្ដពាក់ព័ន្ធដែលមានស្រាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds