សមត្ថកិច្ចខេត្តតាកែវកំពុងតាមចាប់ជនល្មើសដែលគប់កញ្ចក់រថយន្តបណ្ដាលឱ្យអ្នកបើកបររថយន្តម្នាក់របួសធ្ងន់

(ខេត្តតាកែវ)៖ ស្នងការរង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ លោក សៅ សារុន បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ថា តាមការណែនាំរបស់លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានណែនាំដល់សមត្ថកិច្ចនគរបាលពាក់ព័ន្ធទាំងអស់ ឱ្យចុះស្រាវជ្រាវបន្ទាន់ ជុំវិញករណីជនមិនស្គាល់អត្តសញ្ញាណបានគប់ដុំថ្មលើរថយន្តអ្នកធ្វើដំណើរ បណ្ដាលឱ្យរងរបួស កាលពីយប់ថ្ងៃទី០១ ខែកញ្ញា ស្ថិតនៅភូមិសាស្រ្តផ្លូវជាតិលេខ៣ ស្ថិតនៅឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

លោក សៅ សារុន ស្នងការរង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ

 

ជាមួយគ្នា លោក សៅ សារុន បានបញ្ជាក់ថា បច្ចុប្បន្នលោក ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ច ស្រុកសំរោង និងស្រុកបាទី កំពុងដុតដៃដុតជើង យ៉ាងសស្រាក់សស្រាំស្រាវជ្រាវ ដើម្បីឈានទៅកំណត់មុខសញ្ញា ជនដៃដល់ដែលបានដុំថ្ម គប់មកលើអ្នកដំណើរ តាមដងផ្លូវសាធារណៈ យកមកផន្តន្ទាទោសឱ្យខានតែបាន។

គួរឱ្យដឹងថា ករណីជនមិនស្គាល់អត្តសញ្ញាណគប់ដុំថ្មធ្វើឱ្យរងរបួសដល់អ្នកបើកបររថយន្តនេះ បានកើតឡើងនៅវេលាម៉ោង១៩និង៥០នាទីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លើបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ជនល្មើសមានគ្នីគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង បើកបរមកពីទិសខាងជើងមកត្បូង បានធ្វើសកម្មភាពគប់ដុំថ្ម ទៅលើរថយន្តជនរងគ្រោះម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវ  ពាក់ផ្លាកលេខភ្នំពេញ3B-9147 បើកបរមកពីទិសខាងត្បូងទៅជើង  បណ្តាលឱ្យត្រូវត្រង់កញ្ចក់មុខ បែកអំបែងទៅចំអ្នកបើរបរឈ្មោះ សុខ ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឈ្មួញ សង្កាត់ដង្កោរ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រងបួសត្រង់ចិញ្ចើមខាងឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំខ្វាវ បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីប្រមូលព័ត៌មាន និងបានសហការជាមួយបណ្តាប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធទាំងខេត្តកំពង់ស្ពឺ និងខេត្តតាកែវ នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែដោយសារទីតាំងកើតហេតុគ្មានកាមេរ៉ាសុវត្ថិភាព ទើបមិនទាន់អាចកំណត់មុខសញ្ញាណជនបង្ករបាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds