ឥណ្ឌាផ្ដល់ថវិកាជាង៤២ម៉ឺនដុល្លារដល់កម្ពុជាសម្រាប់បោសសម្អាតមីនក្នុងស្រុកចំនួន៤នៅខេត្ដកោះកុង
រាជរដ្ឋាភិបាលឥណ្ឌាបានផ្ដល់ថវិកាឧបត្ថម្ភសរុបចំនួន ៤២៦.៧០៩ ដុល្លារអាមេរិកជូនដល់កម្ពុជា សម្រាប់គម្រោងបោសសម្អាតមីននៅក្នុងស្រុកចំនួន៤ នៃខេត្តកោះកុង ដោយថវិកាឧបត្ថម្ភនេះ ត្រូវបានចុះហត្ថលេខាដោយអាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។
ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះ ខាងភាគីកម្ពុជា មានលោក លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងខាងភាគីឥណ្ឌាមានលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី “គម្រោងភូមិអស់មីននៅខេត្តកោះកុង” ទទួលការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមក្របខណ្ឌគម្រោងផ្តល់ផលរហ័ស និងសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន(អាជ្ញាធរមីន)។
លោក លី ធុជ បានលើកឡើងថា តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាលឥណ្ឌា អាជ្ញាធរមីន បានរៀបចំផែនការបោសសម្អាតមីនក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង លើទំហំផ្ទៃដី ១,៩៧២,០៩១ម៉ែត្រក្រឡា ស្មើនឹង៣៣ចម្ការមីន ត្រូវប្រើប្រាស់ថវិកាសរុប ៤២៦,៧០៩ ដុល្លារអាមេរិក។ លោកថា តាមរយៈគម្រោងនេះ នឹងប្រែក្លាយស្រុកទាំង៤ ខាងលើ ជាស្រុកអស់មីន ព្រមទាំងមានប្រជាពលរដ្ឋទទួលផលសរុបចំនួន ២០៣១៩ គ្រួសារ ស្មើនឹង ៨៦,៣៦៧ នាក់។
លោកអនុប្រធានទី១អាជ្ញាធរមីនបានគូសបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការអាទិភាពមួយ និងទទួលបានការគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ស្នាមញញឹមជូនដល់ប្រជាពលរដ្ឋ។ លោកបន្តថា តាមរយៈការងារបោសសម្អាតមីននេះ នឹងជំរុញមានការវិនិយោគកាន់តែច្រើនបន្ថែមទៀតនៅក្នុងខេត្តកោះកុង តាមរយៈការទទួលបាន និងការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ក៏ដូចជាផ្តល់សុវត្ថិភាពដល់ភ្ញៀវទេសចរដែលទស្សនានិងកម្សាន្តក្នុងតំបន់ធម្មជាតិខេត្តកោះកុង ហើយប្រជាពលរដ្ឋនឹងទទួលជីវភាពរស់នៅកាន់តែប្រសើរឡើងផងដែរ។
គួរជម្រាបថា រដ្ឋាភិបាលឥណ្ឌាតែងតែបានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ និងធ្វើឱ្យប្រសើរឡើងដល់ជនមានពិការភាពដោយសារមីននៅកម្ពុជា ក្នុងនោះប្រទេសឥណ្ឌា ធ្លាប់បានផ្តល់ថវិកាជួយបោសសម្អាតមីននៅស្រុកបុទុមសាគរ ខេត្តកោះកុង និងផ្តល់នូវអវៈយវៈជូនដល់ជនមានពិការភាពដោយសារមីន និងគ្រាប់នៅខេត្តបន្ទាយមានជ័យចំនួន៥៥០នាក់៕