ឯកឧត្តមស សុខាបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់នូវវប្បធម៌អន្តរាគមន៍តែងតាំងតួនាទីនិងពាក់ព័ន្ធបទល្មើសគ្រឿងញៀន

(រាជធានីភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាឲ្យបញ្ឈប់ និងលុបបំបាត់ជាបន្ទាន់ នូវវប្បធម៌អន្តរាគមន៍តែងតាំងតួនាទី និងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដើម្បីឲ្យការងារនេះប្រព្រឹត្តិទៅមានតម្លាភាព ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងមិនឲ្យកើតមានបញ្ហាអយុត្តិធម៌ក្នុងសង្គម។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លេីកឡេីងក្នុង ពិធីប្រកាសចូលកាន់មុខតំណែង នៃអគ្គនាយកដ្ឋានមួយចំនួន ចំណុះឲ្យក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា បញ្ហាអន្តរាគមន៍មានច្រើនទម្រង់ ដែលកន្លងមក មានករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ហើយអ្នកអន្តរាគមន៍នោះក៏ត្រូវបានឃាត់ខ្លួន និងផ្ដន្ទាទោស ហើយបញ្ហាអន្តរាគមន៍មួយទៀត គឺការតែងតាំងតួនាទី ដែលបញ្ហានេះក៏ត្រួតពិនិត្យ និងត្រូវធ្វើឲ្យគ្រប់លក្ខណៈ ជាពិសេសទៀតនោះ ការអន្តរាគមន៍អាចមានផលប៉ះពាល់ដល់ប្រទេសជាតិ ដែលនេះជាចំណុចសំខាន់ ដែលក្រសួងមហាផ្ទៃនៅក្នុងអាណត្តិថ្មី ត្រូវធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានណែនាំឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវលុបបំបាត់ឲ្យបានក្នុងការនាំយកកងកម្លាំងទៅការពារដីឯកជនដែលមានជម្លោះ មិនមានផ្ដល់អត្ថប្រយោជន៍រួម ហើយបើមានត្រូវពិនិត្យក្នុងការដាក់ទោសទណ្ឌ ព្រោះមិនអាចយកកងកម្លាំង ទៅប្រើប្រាស់លើការងារបុគ្គលបានទេ ។
បន្ថែមពីលើនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានស្នើដល់គ្រប់ស្ថាប័នអង្គភាព ចំណុះឲ្យក្រសួងមហាផ្ទៃ ត្រូវកំណែទម្រងនូវចំណុចមួយចំនួនផងដែរ ដើម្បីឲ្យការផ្ដល់សេវាកាន់តែឆាប់រហ័ស ខណៈការងារខ្លះនៅមានភាពយឺតយ៉ាវ បង្កការរំខានដល់ប្រជាពលរដ្ឋអ្នកទទួលសេវា។
នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង នៃអគ្គនាយកដ្ឋានមួយចំនួន ចំណុះឲ្យក្រសួងមហាផ្ទៃនេះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានក្រើនរំលឹកទៅដល់អគ្គនាយក នៃអគ្គនាយកដ្ឋាន ដែលទើបឡើងកាន់មុខតំណែងថ្មី បន្តខិតខំអភិវឌ្ឍន៍ស្ថាប័ន និងពង្រឹងសមត្ថភាពបុគ្គលិកឲ្យកាន់តែល្អប្រសើរ ក៏ដូចជាត្រូវសហការគ្នាឲ្យបានល្អ បម្រើប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសនៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នេះ។
សូមជម្រាបថា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ត្រូវបានប្រកាសចូលកាន់មុខតំណែង រួមមាន ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស, ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds