រដ្ឋមន្ត្រីក្រសួងការងារ ប្តេជ្ញានឹងខិតខំការពារកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា នឹងខិតខំការពារកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ដូចជាពលករនៅក្រៅប្រទេស ខណៈលោកបានបង្ហាញពីក្ដីស្រមៃនិងគោលបំណង៣ធំៗ ដូចទៅនឹងក្ដីស្រមៃនិងគោលបំណងរបស់តំណាងបងប្អូនកម្មករនិយោជិតដែរ ដែលពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពរបស់កម្លាំងពលកម្មរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីការងារបានគូសបញ្ជាក់ថា ក្ដីស្រមៃនិងគោលបំណងធំៗទាំង៣នោះរួមមាន ១-ការពារកិត្តិយស សេចក្តីថ្លៃថ្នូ និងធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅរបស់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ដូចជាពលករនៅក្រៅប្រទេស។ ២-ខិតខំរក្សា និងទាក់ទាញអ្នកវិនិយោគបន្ថែម ដើម្បីរក្សាឆ្នាំងបាយចាស់ និងបង្កើតឆ្នាំងបាយថ្មី (ការងារថ្មីកាន់តែសមរម្យ) ដល់យុវជនដែលជាកូនចៅជំនាន់ក្រោយ និងធ្វើឱ្យសេដ្ឋកិច្ចយើងកាន់តែរឹងមាំ។ និងទី៣-រក្សាភាពសុខដុមរមនានៅកន្លែងធ្វើការ ដោយឈរលើមនសិកាវិជ្ជាជីវៈ យកច្បាប់ជាគោល និងការសម្របសម្រួលគ្នាជាធំ ចៀសវាងការប្តឹងប្តល់ ញុះញង់ អុចអាល់ ចង់ចាញ់ចង់ឈ្នះ ដោយមិនសមហេតុផល។
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា «ពិតជារីករាយនឹងការជួបជាមួយបងប្អូនតំណាងកម្មករនិយោជិតទាំងអស់ ដោយមិនរើសមុខ ឱ្យតែការជួបនាំមកនូវហេតុផលនូវធាតុចូលល្អៗ ពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពរបស់កម្លាំងពលកម្មរបស់កម្ពុជា ប្រសិនជាជួបគ្នាជាលក្ខណៈសាមញ្ញ និងមិនផ្លូវការបាននោះកាន់តែប្រសើរ ពីព្រោះយើងអាចនិយាយអស់ពីចិត្តរៀងៗខ្លួន»៕