រដ្ឋបាលស្រុកកៀនស្វាយព្រមានចាត់វិធានការច្បាប់ចំពោះប្រជាពលរដ្ឋដែលចាក់បំពេញអាចម៍ដីដោយគ្មានច្បាប់អនុញ្ញាត
រដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រកាសទៅដល់ប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដីលំនៅដ្ឋាន ដីកសិកម្ម និងម្ចាស់សំណង់ ដែលមានបំណងចាក់បំពេញអាចម៍ដីលើកម្មសិទ្ធិឯកជនរបស់ខ្លួន ត្រូវទៅស្នើសុំច្បាប់អនុញ្ញាតពីរដ្ឋបាលស្រុក តាមរយៈការិយាល័យច្រកចេញចូលតែមួយឱ្យបានមុន១៥ថ្ងៃ ដើម្បីក្រុមការងារស្រុកចុះពិនិត្យដល់ទីតាំងជាក់ស្ដែងមុននឹងចេញលិខិតអនុញ្ញាតជូន។ នេះបើយោងតាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកកៀនស្វាយ ចេញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
ការជូនដំណឹងរបស់រដ្ឋបាលស្រុកកៀនស្វាយនេះ ក្រោយពីរដ្ឋបាលស្រុកបានពិនិត្យឃើញថា ប្រជាពលរដ្ឋដែលជាម្ចាស់ដីលំនៅដ្ឋាន ម្ចាស់ដីកសិកម្ម និងម្ចាស់សំណង់មួយចំនួន បានចាក់បំពេញអាចម៍ដីលើកម្មសិទ្ធិរបស់ខ្លួនដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច និងបានធ្វើឱ្យប៉ះពាល់ប្រព័ន្ធទឹក អូរ ប្រឡាយទឹក ដីចំណីស្ទឹង ដីចំណីផ្លូវ ចាក់ដីហៀរលើ ឬខ្ពស់ជាងផ្លូវសាធារណៈ និងដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដទៃទៀតជាដើម។ ជាពិសេស រដ្ឋបាលស្រុកកៀនស្វាយអះអាងថា ការចាក់បំពេញអាចម៍ដីរបស់ប្រជាពលរដ្ឋមួយចំនួនទាំងនោះ បានធ្វើឱ្យបាត់បង់សោភ័ណភាព របៀបរៀបរយសាធារណៈ និងបណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរដល់ផ្លូវសាធារណៈ ក៏ដូចជាបង្កឱ្យមានទំនាស់ព្រំដី ទំនាស់ដីធ្លី និងបញ្ហាសុខសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋថែមទៀតផង។
រដ្ឋបាលស្រុកកៀនស្វាយបានព្រមានថា បើសិនជាក្នុងករណីមានប្រជាពលរដ្ឋណាចាក់បំពេញអាចម៍ដីលើកម្មសិទ្ធិឯកជនរបស់ខ្លួនដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលស្រុក ហើយបណ្ដាលឱ្យប៉ះពាល់លើដីសាធារណៈ ឬប៉ះពាល់ដល់ដីកម្មសិទ្ធិអ្នកដទៃ គឺនឹងត្រូវទទួលខុសត្រូវចំពោះអាជ្ញាធរមានសមត្ថកិច្ច និងច្បាប់ជាធរមាន។
ភ្ជាប់ជាមួយការជូនដំណឹងពីការស្នើឱ្យប្រជាពលរដ្ឋស្នើសុំច្បាប់អនុញ្ញាត រដ្ឋបាលស្រុកកៀនស្វាយ ក៏បានផ្សព្វផ្សាយពីតារាងតម្លៃការផ្ដល់សេវារដ្ឋបាល ចំពោះការចេញលិខិតអនុញ្ញាតចាក់បំពេញអាចម៍ដីកម្មសិទ្ធិឯកជនផងដែរ ដោយបែងចែកសេវាជា៥ប្រភេទ។ ទាំង៥ប្រភេទរួមមាន៖ ទី១.ការចាក់បំពេញអាចម៍ដីដែលមានទំហំក្រោម១០០ម៉ែត្រការ៉េ ត្រូវបង់ថ្លៃសេវា៥ម៉ឺនរៀល។ ទី២.ដីដែលមានទំហំចាប់ពី១០០ម៉ែត្រការ៉េ ដល់ក្រោម៥០០ម៉ែត្រការ៉េ បង់ថ្លៃ១០ម៉ឺនរៀល។ ទី៣. ដីទំហំចាប់ពី៥០០ម៉ែត្រការ៉េ ដល់ក្រោម១,០០០ម៉ែត្រការ៉េ បង់ថ្លៃ២០ម៉ឺនរៀល។ ទី៤.ដីទំហំចាប់ពី១,០០០ម៉ែត្រការ៉េ ដល់ក្រោម៥,០០០ម៉ែត្រការ៉េ បង់ថ្លៃ៣០ម៉ឺនរៀល និងទី៥.ដីទំហំចាប់ពី៥,០០០ម៉ែត្រការ៉េ ដល់ក្រោម១ម៉ឺនម៉ែត្រការ៉េ ត្រូវបង់ថ្លៃសេវា៤០ម៉ឺនរៀល។
រដ្ឋបាលស្រុកកៀនស្វាយ បានណែនាំដល់អាជ្ញាធរឃុំទាំង៨ក្នុងស្រុកកៀនស្វាយ ឱ្យបិទប្រកាស និងបន្តប្រជុំផ្សព្វផ្សាយសេចក្ដីជូនដំណឹងស្ដីពីការស្នើសុំច្បាប់អនុញ្ញាតនៃការចាក់បំពេញអាចម៍ដីកម្មសិទ្ធិឯកជននេះជូនដល់មេភូមិគ្រប់ៗភូមិ ដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានដឹងគ្រប់ៗគ្នា ក្នុងការចូលរួមដោយស្មារតីទទួលខុសត្រូវចំពោះគោលការណ៍ដែលច្បាប់បានកំណត់៕