នាយករដ្ឋមន្ត្រីណែនាំឱ្យរៀបចំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាថ្មីឡើងវិញ
(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្រ្តីថ្មី អាណត្តិទី៧ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ឲ្យសហការរៀបចំស្នើព្រះរាជក្រឹត្យមួយ ដោយប្រកាសរៀបចំ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាថ្មីឡើងវិញ។
ឯកឧត្តមបណ្ឌិត បញ្ជាក់ថា សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដល់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នឹងមានការចូលរួមមកពីគ្រប់គណបក្សនយោបាយដែលចូលរួមបោះឆ្នោត និងអាចបន្ថែមគ្រប់គណបក្សដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ។
ចំពោះសមាជិកគណបក្សនយោបាយ ប្រតិភូមានរហូតដល់៣រូប ក្នុងនោះប្រធានប្រតិភូមានឋានៈស្មើនឹងទេសរដ្ឋមន្រ្តី អនុប្រធានប្រតិភូមានឋានៈស្មើនឹងរដ្ឋមន្រ្តី ហើយសមាជិកមានឋានៈស្មើនឹងរដ្ឋលេខាធិការ ព្រមទាំងអនុញ្ញាតឲ្យប្រធានប្រតិភូមានជំនួយការ២នាក់ផងដែរ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថា «កិច្ចការងាររៀបចំថ្មីនេះ គឺពង្រីកវិសាលភាពនៃការចូលរួម ដើម្បីធានានូវភាពរស់រវើក និងបរិយាបន្ន សម្រាប់គ្រប់គណបក្សនយោបាយដែលមានបំណងចូលរួម នៅក្នុងការ ផ្តល់យោបល់ និងពិគ្រោះយោបល់ដល់រាជរដ្ឋាភិបាល»។
សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើង កាលពីខែកញ្ញា ឆ្នាំ២០១៨ តាមការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕