សម្តេចតេជោ៖ ការផ្ទេរការដឹកនាំពីមេដឹកនាំវ័យចំណាស់មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺត្រឹមត្រូវខ្លាំងណាស់
ភ្នំពេញ ៖ ខណៈដែលកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែសីហា ដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត អតីនាយករដ្ឋមន្ត្រីកម្ពុជា ដែលកាន់តំណែងយូជាងគេ សម្តេចតេជោ បញ្ជាក់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺត្រឹមត្រូវខ្លាំងណាស់ ព្រោះភាគច្រើនជាបញ្ញវន្តវ័យក្មេង។
តាមរយៈបណ្តាញសង្គមតេលេក្រាម សម្ដេចតេជោ ហ៊ុន សែន បាន ថ្លែងថា «ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិត និងមិនដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺត្រឹមត្រូវខ្លាំងណាស់»។
សម្ដេចតេជោ បានជូនពរគណៈរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ច ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ៕