ឡុង ពិសិដ្ឋ នឹកដល់អ្នកស្រី ឡុង រ៉ាវី ពេលឈ្នះខ្សែក្រវាត់ដំបូងក្នុងអាជីព
បន្ទាប់ពីចាប់អាជីពជាង៧ឆ្នាំ កីឡាករវ័យក្មេង ឡុង ពិសិដ្ឋ បានគ្រងខ្សែក្រវាត់ទម្ងន់ស្រាលជាលើកដំបូងក្នុងអាជីព បន្ទាប់ពីបានយកឈ្នះលើកីឡាករ អេលីត រស្មី ដោយពិន្ទុ បន្ទាប់ពីតស៊ូគ្នា៣ទឹកពេញក្នុងកម្មវិធីគុនខ្មែរអលស្តារ វគ្គ៨ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
ជំនួបដណ្តើមខ្សែក្រវាត់របស់អ្នកទាំងពីរពិតជាតានតឹង ដោយសារអ្នកទាំងពីរវ៉ៃពោរពេញដោយបច្ចេកទេស និងរហ័សរហួន។ នៅទឹកទី១ អេលីត រស្មី ជាអ្នកវ៉ៃសម្រុកខ្លាំង ដោយបានប្រើកណ្តាប់ដៃឲ្យ ឡុង ពិសិដ្ឋ ស្ទើបាត់បង់ស្មារតីម្តងៗ ប៉ុន្តែនៅទឹកទី២ និងទី៣ ឡុង ពិសិដ្ឋ ជាអ្នកវាយសម្រុកដោយមានប្រៀបទាំងកម្លាំង បច្ចេកទេស និងអាវុធ។ ជាពិសេស រូបគេទាត់លើដងខ្លួនរបស់ អេលីត រស្មី ធ្ងន់ច្បាស់ និងប្រើក្បាច់កាច់ផ្តួលដៃគូ ស្របពេលដៃគូស្រុតចុះកម្លាំងនៅទឹកទី៣។ ទីបំផុត ចៅក្រមផ្តល់ពិន្ទុឲ្យ ឡុង ពិសិដ្ឋ ជាអ្នកឈ្នះ។
ក្រោយឈ្នះខ្សែក្រវាត់កូនសិស្សរបស់ក្លិប«ខ្លារខិនមានឬទ្ធិ»បានអោយដឹងថា ខ្ញុំពិតជាសប្បាយណាស់ ពីព្រោះការប្រកួតនេះតឹងតែងខ្លាំង។ ខ្ញុំចូលកណ្តាប់ដៃរបស់គេធ្វើឲ្យវង្វែងស្មារតីម្តងដែរ។ នៅទឹកទី១ លោកគ្រូឲ្យខ្ញុំព្យាយាមការពារ តែទឹកទី២ និងទី៣ ខ្ញុំត្រូវប្រឹងវ៉ៃសម្រុក។ ឡុង ពិសិដ្ឋ បន្ថែមថា «ខ្ញុំពិតជាសប្បាយរីករាយ និងរំភើបខ្លាំងដែលបានឈ្នះខ្សែក្រវាត់លើកដំបូងក្នុងអាជីពប្រដាល់របស់ខ្ញុំ។ ក្នុងឆាកជីវិត ខ្ញុំមិនធ្លាប់ឈ្នះទេ តែពេលខ្ញុំនឹកគិតដល់គាត់ (អ្នកស្រី ឡុង រ៉ាវី) ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ។ គាត់ជួយខ្ញុំតាំងពីតូច គាត់មិនដែលបានសប្បាយរីករាយនឹងសមិទ្ធផលរបស់ខ្ញុំទេ តែដល់ពេលខ្ញុំទទួលបានជោគជ័យនៅពេលនេះ គាត់បានឃ្លាតឆ្ងាយពីខ្ញុំ…»។
អ្នកស្រី ឡុង រ៉ាវី ជាម្ចាស់ក្លិបប្រដាល់«ខ្លារខិនមានឬទ្ធិ»ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីប្រដាល់គុនខ្មែរ និងជាស្ត្រីម្នាក់ដែលបានជួយបណ្តុះបណ្តាលកីឡាករ កីឡាការិនីច្រើន។ អ្នកស្រីបានទទួលមរណភាពដោយរោគាពាធកាលពីប៉ុន្មានខែមុនដែលបានធ្វើឲ្យកូនសិស្សក្នុងក្លិបមានការសោកស្តាយយ៉ាងខ្លាំង។ បន្ទាប់ពីអត់ពីអ្នកស្រី ឡុង រ៉ាវី ទៅ ក្លិបប្រដាល់នៅតែដំណើរការដោយមានប្អូនរបស់គាត់ និងលោកគ្រូរីគីជាអ្នកដឹកនាំដំណើរការបន្តទៀត៕