ចាប់ពី ៨ព្រឹកនេះទៅ សង្កាត់មួយចំនួន នឹងត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីពីចន្លោះពី ៥ម៉ោង-៨ម៉ោង រយៈពេល ៤ថ្ងៃ
ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ក្នុងការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី អគ្គិសនីកម្ពុជា បានផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅសង្កាត់មួយចំនួន នៅក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា។
អគ្គិសនីកម្ពុជា បញ្ជាក់ថា ក្នុងចំណោមខណ្ឌដែលត្រូវផ្អាកការផ្គត់ផ្គង់នោះ នៅថ្ងៃទី២៤ ខែសីហានេះ សង្កាត់ទឹកថ្លា និងសង្កាត់អូបែកក្អម ស្ថិតក្នុង ខណ្ឌសែនសុខ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឪឡោក (សាខាអូរដឹម) ដែលស្ថិតក្នុងខណ្ឌកំបូល និងសង្កាត់និរោធ ខណ្ឌច្បារអំពៅ នឹងត្រូវផ្អាកផ្គត់ផ្គង់ ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១៦:០០ រសៀល។
ដោយឡែកសង្កាត់ចំនួន៨ ផ្សេងទៀត ដែលស្ថិតនៅក្នុងខណ្ឌដង្កោ និងសង្កាត់ចំនួន ២ ស្ថិតនៅក្នុងខណ្ឌកំបូល ក៏នឹងត្រូវផ្អាកផ្គត់ផ្គង់រយៈពេល៥ម៉ោង គឺពីម៉ោង ៨:០០ ព្រឹកនេះ ដល់ម៉ោង ១៣:០០ ថ្ងៃ។នៅថ្ងៃនេះ ក៏មានឃុំមួយចំនួន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ផងដែរ។
បើតាមអគ្គិសនីកម្ពុជា ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដោយហេតុនេះ អគ្គិសនីកម្ពុជាស្នើសុំអភ័យទោសទុកជាមុន៕