ឃាត់ខ្លួនឧក្រិដ្ឋជនជនជាតិថៃ២នាក់ និងថ្នាំញៀន ១១៨គីឡូក្រាម
ភ្នំពេញ៖ ឃាត់ខ្លួនឧក្រិដ្ឋជនជនជាតិថៃ២នាក់ និងថ្នាំញៀន ១១៨គីឡូក្រាម ត្រូវមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបាននៅរាជធានីភ្នំពេញ។ ប្រតិបត្តិការណ៍នេះ ធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅចំនួន៣គោលដៅផ្សេងៗគ្នា។
មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអោយដឹងថា ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២៖២០នាទីយប់ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន និងការិយាល័យផ្សព្វផ្សាយអប់រំ (ក៩) បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូន គ្រឿងញៀនដោយខុសច្បាប់គ្នា០៣គោលដៅក្នុងរាជធានីភ្នំពេញ។ គោលដៅទី១៖ នៅចំណុចផ្លូវលំ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ គោលដៅទី២៖ នៅចំណុចផ្ទះលេខ៣៥០ ផ្លូវបេតុង ភូមិក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ និង គោលដៅទី៣៖ នៅចំណុចផ្ទះលេខ២BC ផ្លូវ១០៧ ភូមិភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖ ១ ឈ្មោះ ស៊ែហឺរ ថាណាត់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ និងឈ្មោះ ស៊ែហឺរ សោមឆាយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ, ក្នុងនោះសមត្ថកិច្ចដកហូតថ្នាំញៀន ១-មេតំហ្វេតាមីន ជាង៦៧គីឡូ និងកេតាមីន ទម្ងន់ជាង៥០គីឡូក្រាម សរុបរួមសារធាតុញៀនមានទម្ងន់ ១១៨គីឡូក្រាម។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕