ចាប់បានពងមាន់ពងទាជិត៨ម៉ឺនគ្រាប់ដែលឈ្មួញនាំចូលមកកម្ពុជាដោយខុសច្បាប់
ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ បានឃាត់ចាប់បានរថយន្តចំនួនពីរគ្រឿងដែលនាំចូលស៊ុតមាន់ និងទាដោយខុសច្បាប់ និងចាប់បានស៊ុតមាន់ទាសរុបចំនួន ៧៨,១០០គ្រាប់។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ជាក់ស្ដែង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញបានឃាត់ចាប់រថយន្តចំនួនមួយគ្រឿង ម៉ាកសាំងយ៉ុងពណ៌លឿង ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ ២BA-០៥៨៤ដឹកស៊ុតសត្វទាចំនួន ២៦,១០០គ្រាប់ នៅលើផ្លូវជាតិត្រង់ចំណុចរង្វង់មូលកួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ស៊ុតទាទាំងនេះជាស៊ុតនាំចូលមកគ្មានប្រភពច្បាស់លាស់ គ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយក្រុមឈ្មួញដឹកឆ្ពោះទៅលក់ចែកចាយបន្តក្នុងរាជធានីភ្នំពេញ។
ចំណែកនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញបានបន្តឃាត់ចាប់បានរថយន្តមួយគ្រឿងទៀតម៉ាក KIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ១តោន ពាក់ស្លាកលេខភ្នំពេញ ២BO-០០៤៨ ដឹកស៊ុតសត្វមាន់ ៥២,០០០គ្រាប់ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស៊ុតមាន់ទាំងនេះដែរ ឈ្មួញបាននាំចូលមកពីប្រទេសវៀតណាមតាមច្រកម៉ឺនជ័យ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឡើយ ហើយឆ្ពោះទៅលក់ចែកចាយបន្តក្នុងរាជធានីភ្នំពេញ។
ស៊ុតមាន់និងស៊ុតទាទាំងជិត៨ម៉ឺនគ្រាប់ និងរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញទៅរក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕