ស្នងការខេត្តបាត់ដំបង ច្រានចោលចំពោះការផ្សព្វផ្សាយថាមានត្រីស៊ីសាច់មនុស្សនៅស្ទឹងក្រញ៉ូង
បាត់ដំបង៖ បន្ទាប់ពីមានការផ្សព្វផ្សាយថាមានត្រីស៊ីសាច់មនុស្សនៅក្នុងស្ទឹងក្រញូង ស្រុកសំឡូត កាលពីថ្ងៃទី១៧ ខែសីហា ឆ្នំា២០២៣ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបំភ្លឺថាមិនមែនជាព័ត៌មានពិតប្រាកដនោះទេ។
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានទទួលដំណឹងនេះភ្លាមបានទាក់ទងសុំការបញ្ជាក់ពីលោកអធិការដ្ឋាននគរបាលស្រុកសំឡូត ដោយលោកបានប្រាប់ទៅលោកថានេះមិនមែនជាករណីត្រីស៊ីសាច់មនុស្សឡើយ តាមការពិតជាប្រភេទត្រីក្រពតបានខាំលើបុរសម្នាក់ចំសរសៃឈាមបណ្តាលឱ្យមានឈាមធ្លាក់ច្រើនខណៈពេលគាត់ចុះក្នុងទឹកស្ទឹង។ បច្ចុប្បន្នបរុសជនរងគ្រោះមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះឡើយ។
ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងណែនាំឱ្យម្ចាស់គណនីដែលបានផ្សព្វផ្សាយ ធ្វើការកែតម្រូវឡើងវិញដើម្បីកុំឱ្យមានការភាន់ច្រឡំ។ គូសបញ្ជាក់ថា នៅភូមិសាស្ត្រស្រុកសំឡូត ត្រីក្រពតពងកូននៅរដូវវស្សា តែងកើតមានករណីត្រីក្រពតខាំអ្នកចុះក្នុងទឹក ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កន្លងទៅក៏ធ្លាប់កើតមានករណីនេះដែរនៅភូមិសាស្រ្តស្រុកសំឡូត បណ្តាលឱ្យរងរបួសដៃនិងជើង៕