បណ្ឌិតពេជ្រ ស្រស់៖«ជីវិតនយោបាយខ្ញុំមិនបញ្ចប់ត្រឹមតែគ្មានអាសនៈនៅក្នុងសភានោះឡើយ…»
ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានថ្លែងលើកឡើងថា៖ «ជីវិតនយោបាយរបស់ឯកឧត្ដមមិនបញ្ចប់ត្រឹមតែគ្មានអាសនៈនៅក្នុងសភានោះឡើយ ពីព្រោះរូបឯកឧត្ដមមកធ្វើនយោបាយនេះដោយមាននូវគោលបំណងច្បាស់លាស់ គឺបង្កើតសម្លេងមួយក្រុម ដើម្បីស្វែងរកយុត្តិធម៌ជូនសង្គមជាតិ និងជូនប្រជាពលរដ្ឋ។
គួររម្លឹកថា ប្រធានគណបក្សយុវជនរូបនេះធ្លាប់បានលះបង់យ៉ាងខ្លាំងដើម្បីសុំការឱ្យប្រជាពលរដ្ឋខ្មែរបោះឆ្នោតជូនគណបក្សយុវជន ដោយឯកឧត្ដមធ្លាប់បានចំណាយកម្លាំងកាយចិត្ត ជិះកង់លើចម្ងាយផ្លូវដ៏ឆ្ងាយពីភ្នំពេញទៅខេត្តសៀមរាប ជាការបង្ហាញឆន្ទៈដ៏មោះមុតរបស់ឯកឧត្ដម។ យោងតាមសំណេររបស់ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ បង្ហាញថា ឯកឧត្ដមមិនបោះបង់គោលជំហរលើវិថីនយោបាយរបស់ខ្លួនឡើយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ សង្កត់ធ្ងន់ច្បាស់ៗថា៖ គោលបំណងច្បាស់លាស់របស់ឯកឧត្ដម គឺបង្កើតសម្លេងមួយក្រុម ដើម្បីស្វែងរកយុត្តិធម៌ជូនសង្គមជាតិ និងជូនប្រជាពលរដ្ឋ៕
ដោយ៖ ព្រួញទេព