ថ្លើមធំមែន!ឧក្រិដ្ឋជនមួយក្រុមសម្រុកចូលរំដោះអ្នកទោសពីសមត្ថកិច្ចទាំងមិនញញើត(មានវីដេអូ)

(ខេត្តសៀមរាប)៖ ឧក្រិដ្ឋជនមួយក្រុមដែលមានគ្នីគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ បានសម្រុកចូលរំដោះអ្នកទោសពាក់ព័ន្ធគ្រឿងញៀនជាជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅមន្ទីរពេទ្យធ្មេញមួយកន្លែងក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិកធ្មេញជុំចិន្តា។​ ហេតុការណ៍នេះបានធ្វើឱ្យប្រជាពលរដ្ឋនៅជុំវិញទីតាំងកើតហេតុមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧សីហានេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនខ្លួនអ្នកទោសជាជនជាតិចិនខាងលើទៅគ្លីនិកព្យាបាលធ្មេញឈ្មោះជុំចិន្តា ខណៈមន្រ្តីពន្ធនាគារកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានយកកាំភ្លើងភ្ជង់មន្ដ្រីពន្ធនាគារ។ ភ្លាមៗនោះ ក្រុមឧក្រិដ្ឋជនទាំងនោះបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។

អ្នកទោសជនជាតិចិនដែលក្រុមឧក្រិដ្ឋជនរំដោះ

បន្ទាប់ពីពួកគេបានរំដោះអ្នកទោសរួច ក៏បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាកឡិចស៊ីស៣៣០ ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ ក្រោយមកទៀត រំលងប្រហែលប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញថា ពួកក្រុមជនសង្ស័យទាំងនោះបានយកទៅផ្លុងចោល ជាមួយនិងកាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារៈមួយចំនួនទៀត។ យ៉ាងណាមិញ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងរួមដៃគ្នាដើម្បីស្រាវជ្រាវស្វែងរកក្រុមឧក្រិដ្ឋជន។ អ្នកទោសដែលក្រុមជនសង្ស័យរំដោះរួមមាន៖ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds