ថ្លែងមុនចាកចេញពីតំណែង!សម្ដេច ស ខេងផ្ដាំឱ្យមន្រ្តីក្រោមចំណុះក្រសួងមហាផ្ទៃខិតខំបំពេញការងារ
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវ និងបង្ហាញក្ដីសង្ឃឹមថា អគ្គនាយកដ្ឋានមុខងារសាធារណទាំងអស់ និងអង្គភាពការិយាល័យដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួងមហាផ្ទៃនឹងបន្តខិតខំបំពេញការងារឱ្យបានល្អបន្ថែមទៀត។
សម្ដេចគូសបញ្ជាក់ថា ចំពោះមន្រ្តីនយោបាយមានដូចជា រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក៏នឹងបន្តទទួលនូវភារកិច្ចដែលក្រសួងនឹងប្រគល់ឱ្យ ដើម្បីបម្រើដល់ប្រទេសជាតិ និងប្រជាជន។
សូមបញ្ជាក់ថា ក្រោយចាកចេញពីមុខតំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅអំឡុងចុងខែសីហាខាងមុខនេះ សម្ដេច ស ខេង នឹងក្លាយជាសមាជិកឧត្តមប្រឹក្សាព្រះមហាក្សត្ស។ លោកបានឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីឆ្នាំ២០០៦ ដោយគិតមកទល់បច្ចុប្បន្នមានរយៈពេលប្រមាណ១៧ឆ្នាំ។
គួរឱ្យដឹងថា តំណែងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនាអាណត្តិថ្មីនេះ ត្រូវបានគេរំពឹងខ្ពស់ថា លោក ស សុខា ដែលជាកូនប្រុសបង្កើតរបស់លោក ស ខេង នឹងឡើងកាន់តំណែងជំនួសពីឪពុក។ នេះបើតាមលិខិតបែកធ្លាយបង្ហាញពីសមាសភាពរបស់គណៈរដ្ឋមន្រ្តីអាណត្តិទី៧ ប៉ុន្តែលិខិតនេះមិនទាន់ប្រកាសជាផ្លូវការនៅឡើយ ដោយគោរពទៅតាមនីតិវិធី ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ៕