បង្ក្រាបហាងកាហ្វេបង្កប់សេវាផ្លូវ.ភេទ ឃាត់ខ្លួនម្ចាស់ហាង៤នាក់ រំដោះនារីរងគ្រោះ ១២នាក់

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឆ្មក់បង្ក្រាបទីតាំងហាងកាហ្វេចំនួន៥កន្លែងជាប់ៗគ្នា ដែលលួ.ចបង្កប់នូវសេវាកម្សាន្ត និងបានឃាត់ខ្លួនម្ចាស់ទីតាំង ៤នាក់ និងរំដោះនារីរងគ្រោះចំនួន១២នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចត្រឡោកបែក តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា «មុននឹងកម្លាំងសមត្ថកិច្ចធ្វើការចុះបង្ក្រាបទីតាំងខាងលើនេះ គឺមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋមកថា ហាងកាហ្វេទាំង៥ទីតាំងនេះ គឺបើកលក់ទាំងយប់ទាំងថ្ងៃ និងមានលួ.ចបង្កប់សេវាកម្សាន្ត (ផ្លូ .វភេ.ទ)»។ បន្ទាប់មកកម្លាំងជំនាញក៏បានធ្វើការស៊ើបអង្កេត រហូតនៅយប់ថ្ងៃកើតហេតុ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយនឹងអជ្ញាធរ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន ធ្វើការចុះបង្ក្រាប និងឆែកឆេររកឃើញវត្ថុតាងរួមមាន ស្រោមអនាម័យប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន ព្រមទាំងបានរំដោះនារីរងគ្រោះចំនួន១២នាក់ ហើយធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងចំនួន៤នាក់ ក្នុងនោះមានស្ត្រីចំនួន៣នាក់ផងដែរ»។

ក្រោយពេលកើតហេតុ នារីរងគ្រោះទាំង១២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ចំណែកឯម្ចាស់ទីតាំងចំនួន៤នាក់ រួមទាំងវត្ថុតាងវិញ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ រីឯហាងកាហ្វេទាំង៥ទីតាំងខាងលើនេះ គឺត្រូវបានបិទជាបណ្ដោះអាសន្នសិន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds