អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាអោយរុះរើស្លាកផ្សាយពាណិជ្ជកម្មល្បែងចេញ ខណៈអាជ្ញាធរថាគ្មានច្បាប់អនុញ្ញាត្តិ
បន្ទាយមានជ័យ៖ បន្ទាប់ពីប្រជាពលរដ្ឋសម្តែងការមិនពេញចិត្តចំពោះការដាក់ស្លាកផ្សាយពាណិជ្ជកម្ម នៅលើផ្លូវជាតិលេខ៥ ទល់មុខការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត អភិបាលក្រុងប៉ោយប៉ែត បានចាត់តាំងក្រុមការងារចុះទៅរុះរើចេញស្លាកនោះចេញ ខណៈអាជ្ញាធរថា ផ្ទាំងផ្សាយពាណិជ្ជកម្មពុំមានច្បាប់អនុញ្ញាតិ។ ប្រត្តិបត្តិការនេះធ្វើឡើងនៅនៅម៉ោង២រសៀល ថ្ងៃទី១៣ ខែសីហា។
យោងតាមទំព័រហ្វេសបុករបស់រដ្ឋបាលសាលាក្រុងប៉ោយប៉ែត បានអោយដឹងថា« អនុវត្តតាមការណែនាំរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចាត់តាំងក្រុមការងារចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើផ្លូវជាតិលេខ៥ ទល់មុខការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត រួចរាល់ហើយ បន្ទាប់ពីផ្ទុះនូវការមិនពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន»។
រដ្ឋបាលក្រុងសូមបញ្ជាក់ថា «ការដាក់ស្លាកផ្សាយពាណិជ្ជកម្មនេះ ពុំមានច្បាប់អនុញ្ញាតិ ឬស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ ។ រដ្ឋបាលក្រុង សូមទទួលយករាល់មតិរិះគន់ដើម្បីស្ថាបនា ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់»។ សូមរំលឹកផងដែរថា ប៉ុន្មានថ្ងៃនេះអ្នកលេងបណ្តាញទំណាក់ទំនងសង្គមហ្វេសបុក បាននាំគ្នារិះគន់ឥតសំចៃ ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលអោយក្រុមហ៊ុនល្បែងស៊ីសងដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើផ្លូវជាតិលេខ៥ ខណៈប្រមុខរដ្ឋាភិបាលបញ្ជាអោយបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់៕