លំអិត៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ពាក់ពន្ធ័រំលោភក្មួយ និងចៅបង្កើត
ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានចាប់វាយខ្នោះបុរសម្នាក់ ក្រោយធ្វើសកម្មភាពរំលោភក្មួយបង្កើត និងចៅបង្កើត ចំនួន៣នាក់បានសម្រេច។ ការឃាត់ខ្លួននេះ ក្រោមការបញ្ជាផ្ទាល់ពីមេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង។ ប្រតិបត្តិការណ៍នេះធ្វើឡើងនៅនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ ម៉ុង គិរីជលសា អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅបច្ចុប្បន្នភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ (មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ)។ ជនសង្ស័យបានធ្វើសកម្មភាពរំលោភកុមារបីនាក់បានសម្រេច ដោយក្នុងនោះ ម្នាក់ជាក្មួយស្រីបង្កើត អាយុ៥ឆ្នាំ និងពីរនាក់ទៀត ជាចៅអាយុ៧ឆ្នាំ និងអាយុ៤ឆ្នាំ។ ក្រៅពីជនរងគ្រោះទាំងបីនាក់នេះ ជនល្មើសក៏បានបម្រុងធ្វើសកម្មភាពរំលោភក្មេងស្រីម្នាក់ទៀត អាយុ១២ឆ្នាំ តែមិនបានសម្រេច។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងស្ទឹងត្រែង កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ធ្វើការផ្ដន្ទាទោសតាមច្បាប់៕