ក្រុមហ៊ុនចិនដែលបំពុលទឹកស្ទឹងសង្កែ ត្រូវប្ដូរទីតាំង និងរងពិន័យ ជាង ៤៦ម៉ឺនដុល្លារ

បាត់ដំបង៖ ក្រុមហ៊ុនចិនផលិតម្សៅដំឡូងមី សំបកគ្រាប់ថ្មាំ អេតាណុល ជីវគីមី និងសារធាតុបន្ថែមអាហារ ដែលបានបំ​ពុល​ទឹ​កស្ទឹងសង្កែ នៅខេត្តបាត់ដំបង ត្រូវបានក្រសួងបរិស្ថានសម្រេចពិន័យជាទឹកប្រាក់ជាង ៤៦ម៉ឺនដុល្លារ និង ១៥០​លាន​រៀ​ល​។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន​។

ការពិន័យនេះ ដោយសារតែក្រសួងពាក់ព័ន្ធរកឃើញថា ក្រុមហ៊ុននេះ បានធ្វើឱ្យបែកធ្លាយសំណល់រាវ ឬ ទឹកកខ្វក់ មានសារ​ធា​តុពុល ហូរចូលក្នុងស្ទឹងសង្កែ កាលពីដើមខែសីហានេះ ដែលធ្វើឱ្យទឹកស្ទឹងសង្កែប្រែជាព័ណ៍ខ្មៅ និងធ្វើឱ្យងា​ប់ត្រីមួ​យចំ​នួ​ន​។ សេចក្ដីដំណឹងដដែលបន្ថែមថា  ឆ្លើយតបទៅនឹងសក​ម្មភាពបង្កឱ្យមានការបំពុលបរិស្ថានខាងលើ និងដើម្បីទប់ស្កាត់នូ​វ​បញ្ហាបំ​​ពុល បរិស្ថានជាថ្មីទៀតពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន ក្រសួងបរិស្ថានសម្រេចដាក់ចេញនូវវិធានការចំពោះ ក្រុមហ៊ុន Phoenix Industrial Co., Ltd. ដូចខាងក្រោម ៖

១. តម្រូវឱ្យក្រុមហ៊ុនប្តូរទីតាំងរោងចក្រចេញពីតំបន់នេះ ទៅតំបន់ផ្សេងទៀតដែលនៅឆ្ងាយពីប្រភពទឹក ស្ទឹងសង្កែយ៉ា​ងតិច​១០​គី​ឡូម៉ែត្រ។

២. តម្រូវឱ្យក្រុមហ៊ុនផ្ដល់សំណងផលប៉ះពាល់បរិស្ថាន ដោយផ្ទាល់ (ការនេសាទនិងទិន្នផលនេសាទ ការផ្គត់ផ្គង់ទឹកស្អាត) ចំនួន ៩៣.៥៦០ (ប្រាំបួន ម៉ឺនបីពាន់ប្រាំរយហុកសិប) ដុល្លារអាមេរិក ដោយប្រយោល (ការបំពុលទឹកស្ទឹងស្ទឹងសង្កែ សុខ​ភា​ពសាធារណៈ) ចំនួន ៣៧៥.០០០ ដុល្លារអាមេរិក។ ក្រុមហ៊ុនត្រូវម​កបង់ប្រាក់សំ​ណងផល​ប៉ះពាល់ខាងលើទៅកាន់​គ​ណ​នី​យនៃគណៈកម្មាធិការ មូលនិធិបរិស្ថាននិងសង្គម ឱ្យបានរួចរាល់មុនថ្ងៃទី២០ខែតុលាឆ្នាំ២០២៣ជាកំហិត។

៣. ពិន័យអន្តរការណ៍ករណីមិនរាងចាល ចំនួន ១៥០លាន រៀល ក្រុមហ៊ុនត្រូវមកបង់ប្រាក់ពិន័យខាងលើនៅ ច្រកចេញ-ចូលតែមួយ នៃក្រសួងបរិស្ថាន ឱ្យបាន រួចរាល់មុន ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។

៤. តម្រូវឱ្យក្រុមហ៊ុន​ធ្វើកា​រ​ស្ដា​​របរិស្ថានឡើងវិញនៅក្នុង និងជុំវិញទីតាំងរោងចក្រឱ្យបានរួចរាល់មុន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត។

៥. ករណីក្រុមហ៊ុនប្រព្រឹត្តល្មើសនឹងចំណុចណាមួយខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការតាម ផ្លូវតុលាការ និងច្បាប់ជាធរមាន…៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds