ព្យុះត្រូនិចចំនួន២បោកបក់!ក្រសួងការងារប្រកាសឱ្យពលករខ្មែរនៅជប៉ុនបង្កើនការប្រុងប្រយ័ត្ន

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឱ្យកម្មសិក្សាការី ឬពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុនទាំងអស់យកចិត្តទុកដាក់រក្សាសុវត្ថិភាព បង្កើនការប្រុងប្រយ័ត្ន បន្តតាមដានស្ថានភាព និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានរបស់ជប៉ុន ខណៈព្យុះត្រូពិចឈ្មោះខាន់ណុន(Khanun) បាននិងកំពុងបង្កផលប៉ះពាល់ដល់ផ្នែកនិរតីនៃប្រទេសជប៉ុន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។

ក្រសួងបានណែនាំដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់បន្តយកចិត្តទុកដាក់ និងណែនាំដល់កម្មសិក្សាការី ក៏ដូចជាពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ឱ្យរក្សាសុវត្ថិភាព បង្កើនការប្រុងប្រយ័ត្ន និងបន្តតាមដានស្ថានភាពរបស់ព្យុះត្រូនិចខាន់ណុននេះ។

តាមការព្យាកររបស់ទីភ្នាក់ងារជាតិឧតុនិយមជប៉ុនបានចេញសេចក្ដីព្រមានអំពីព្យុះត្រូនិចខាន់ណុន(Khanun) ដែលកំពុងរំកិលខ្លួនមកភាគខាងជើង និងអាចបង្កផលប៉ះពាល់ដល់ផ្នែកនិរតីនៃប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu និងShikoku។ មិនតែប៉ុណ្ណោះ នៅតំបន់ទាំងនេះនឹងអាចមានភ្លៀងធ្លាក់នៅផ្នែកជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងអាចមានការរអិលបាក់ដី ទឹកជំនន់ ខ្យល់កន្រ្តាក់ និងទឹករលកខ្ពស់ៗ។ ទន្ទឹមនឹងនេះ ក៏មានព្យុះត្រូនិចមួយផ្សេងទៀតឈ្មោះថា ឡាន(Lan)កំពុងរំកិលខ្លួនមកប្រទេសជប៉ុន និងត្រូវបានព្យាករណ៍ថានឹងបក់បោកលើភាគខាងលិច និងខាងកើតប្រទេសជប៉ុន ចាប់ពីថ្ងៃទីចន្ទ ទី១៤ ខែសីហាខាងមុខផងដែរ។

បើសិនក្នុងករណីពលករ ឬកម្មសិក្សាការីជួប ឬរងផលប៉ះពាល់ដោយឥទ្ធិពលព្យុះត្រូនិចនេះ ក្រសួងណែនាំឱ្យទំនាក់ទំនងទៅអនុព័ន្ធការងារតាមរយៈលេខទូរសព្ទលេខ +៨១ ៨០ ៧២៨៨ ១៦៨៩ ឬស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Royal Embassy of Cambodia in Japan ឬទូរសព្ទលេខ +៨១ ៨០ ៤៦៨៩ ៩៣៧៤។ ក្រៅពីនេះ ពលករ ឬកម្មសិក្សាការីអាចទាក់ទងទៅនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈទំព័រហ្វេសប៊ុក ការិយាល័យរកការងារឱ្យធ្វើនៅបរទេសទី៣-Japan Office ឬតាមទូរសព្ទលេខ +៨៥៥ ៨៩ ៩៥៧ ៧៨៩៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds