កងទ័ពកម្ពុជានិងឥណ្ឌូណេស៊ីប្ដេជ្ញារួមគ្នាហ្វឹកហ្វឺនក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនិងការសង្រ្គោះគ្រោះមហន្តរាយ
កងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកឥណ្ឌូណេស៊ី បានប្ដេជ្ញាថានឹងរួមគ្នាក្នុងហ្វឹកហ្វឺន ធ្វើលំហាត់រួមគ្នាក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម និងការសង្រ្គោះក្នុងគ្រោះមហន្តរាយ ការលោតឆត្រមិត្តភាព ការផ្លាស់ប្ដូរបទពិសោធន៍ជំនាញ ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព។ ការប្ដេជ្ញារបស់កងទ័ពនៃប្រទេសទាំងពីរ ធ្វើឡើងតាមរយៈជំនួបទ្វេភាគីរបស់ លោក ម៉ៅ សុផាន់ មេបញ្ជាការស្ដីទីកងទ័ពជើងគោក នៃកងយោធនពលខេមរភូមិន្ទ ជាមួយនិងលោក ឌូឌុង អាប់ដូរ៉ាច់ម៉ាន់ មេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ អំឡុងដែលលោកកំពុងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកកម្ពុជាបញ្ជាក់ថា ភាគីកងទ័ពកម្ពុជា និងឥណ្ឌូណេស៊ី បានបង្ហាញមោទនភាពចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងគ្នា ដោយរាប់ចាប់តាំងពីការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៩ ក្រោយជំនួបរវាងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងអតីតប្រធានាធិបតី ស៊ូកាណូ ក្នុងសន្និសីទចលនាអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធទីក្រុងបានឌុង។ កងទ័ពប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្តល់ជំនួយឧបត្ថម្ភផ្នែកសម្ភារៈជាដើម។
កងទ័ពកម្ពុជា និងឥណ្ឌូណេស៊ីក៏បានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បន្តសហការរួមគ្នា បន្តអនុវត្តផែនការស្របតាមស្មារតី MOU និងកំណត់ហេតុនៃកិច្ចប្រជុំប្រចាំឆ្នាំ Amy to Amy Taks ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ មកកាន់កម្ពុជានាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី៤ របស់មេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូនេស៊ីរូបនេះនៅប្រទេសកម្ពុជា។ តាមរយៈទស្សនកិច្ចនេះ កងទ័ពជើងគោកកម្ពុជាចាត់ទុកថាក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ៕