បង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែនជនជាតិថៃ ២នាក់ដកហូតគ្រឿងញៀន ជាង៤០០គីឡូ
(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា ជាមួយនឹងការដកហូតបានគ្រឿងញៀនចំនួនជាង ៤៦៥គីឡូក្រាម។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។ មុនឈានដល់ការបង្ក្រាបនេះ កម្លាំងជំនាញបានស្រាវជ្រាវជាង២ខែ និងឈានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា នៅពីរគោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១ នៅមុខផ្ទះសំណាក់កណ្តាលស្ទឹងព្រែកជ្រៃ តាមផ្លូវលំ ស្ថិតភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងគោលដៅទី២ នៅបុរីជីបម៉ុងលែនសែនសុខ ផ្ទះលេខ 61 ផ្លូវលេខ P-08 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
នៅក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជនជាតិថៃ មានឈ្មោះ SAELEE CHALOEMRAT ភេទប្រុស អាយុ៣០ឆ្នាំ និងទី២ ឈ្មោះ SAEYANG THAVON ភេទប្រុស អាយុ៣៤។ រីឯវត្ថុតាងដែលចាប់យកបានមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤៦៥ដុំ ស្មើទម្ងន់ ៤៦៥គីឡូក្រាម និង ៦៥១ក្រាម ទូរស័ព្ទ ២គ្រឿង។
សូមជម្រាបថា មន្ត្រីជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពេលឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលមកដឹកនាំការងារ បានខិតខំចុះបង្ក្រាបបានបទល្មើសគ្រឿងញៀនយ៉ាងសស្រាក់សស្រាំ ដោយមិនគិតពីការនឿយហត់ឡើយ ដែលករណីខ្លះបានរងរបួស និងខ្លះទៀតបាត់បង់ជីវិតក៏មាន។ ជាក់ស្តែងត្រឹមតែមួយសប្តាហ៍ចុងក្រោយនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបគ្រឿងញៀនបានប្រមាណជាង១.៥តោនឯណោះ៕