រដ្ឋបាលជលផល អំពាវនាវដល់អ្នកនេសាទនៅតាមដងទន្លេ មេត្តាជួយឃ្លាំមើល និងចូលរួមថែរក្សាការពារសត្វផ្សោត
ភ្នំពេញ៖ បន្ទាប់ពីបានប្រទះឃើញកូនផ្សោតមួយក្បាលទៀតបានងាប់ដោយសារជាប់មង អ្នកនេសាទ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានអំពាវនាវដល់អ្នកនេសាទនៅតាមដងទន្លេ មេត្តាជួយឃ្លាំមើល និងចូលរួមថែរក្សាការពារសត្វផ្សោត ដែលជារ តនៈសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋរបស់កម្ពុជានិងពិភពលោក។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ។
រដ្ឋបាលជលផល នៃក្រសួងកសិកម្មបានសសេរថាក្នុងករណី ដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទតាមដងទន្លេ ប្រទះឃើញវត្តមានសត្វផ្សោត សូមផ្ដល់ព័ត៌មានដល់ សមត្ថកិច្ច ហើយប្រសិនបើមានសត្វផ្សោតជាប់មង ត្រូវជួយអន្តរាគមន៍ដោះលែងជាបន្ទាន់ និងផ្តល់ព័ត៌មានដល់មន្ត្រីជំនាញជលផលដែលនៅជិត ឬទំនាក់ទំនងតាមលេខទូរស័ព្ទដែលបានផ្តល់ជូនក្នុងឯកសារដែលមានភ្ជាប់។
រដ្ឋបាលជលផល បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ សត្វផ្សោតមានចំនួន៩០ក្បាល រស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ ប្រភពដដែល បានបន្តថា ចាប់ពីដើមឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន សត្វផ្សោតកើតថ្មីមានចំនួន៥ក្បាល និងមានស្លាប់៣ក្បាល នាំឱ្យចំនួនសត្វផ្សោតសរុបមានចំនួន៩២ក្បាល។
សូមរម្លឹកថា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០នាទីព្រឹក មានកូនផ្សោតញី១ក្បាល ប្រវែង១,០១ម៉ែត ទម្ងន់១៤៤គីឡូក្រាម អាយុប្រមាណ២ខែ បានស្លាប់ដោយជាប់មង នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ សូមជម្រាបជូនទៀតថា នៅរដូវទឹកដំឡើង សត្វផ្សោតតែងតែបម្លាស់ទីចេញពីអន្លង់ដើម្បីតាមហ្វូងត្រីដែលជាចំណី។ តាមការស្រាវជ្រាវលក្ខណៈជីវសាស្ត្រ កូនផ្សោតរស់នៅជាមួយមេ និងបៅដោះរយៈពេលប្រមាណ១ឆ្នាំ៕