សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញជាផ្លូវការហើយ
នៅល្ងាចថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣នេះ សមាសភាពគណៈរដ្ឋមន្ត្រីថ្មី អាណត្តិទី ៧ ដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ត្រូវបានបង្ហាញជាផ្លូវការហើយ នៅឯវិមាន ៧មករា នៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ការបង្ហាញនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណៈអចិន្ត្រៃយ៍ របស់គណបក្សប្រជាជនកម្ពុជា ជាមួយនឹងសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី ៦ ដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ និងសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលនឹងចូលកាន់តំណែងនាពេលឆាប់ៗខាងមុខ។
គួរកត់សម្គាល់ថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង បានត្រាស់បង្គាប់តែងតាំងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងត្រាស់បង្គាប់ឱ្យដឹកនាំសមាសភាពរាជរដ្ឋាភិបាលទៅសុំសេចក្ដីអនុម័តទុកចិត្តពីរដ្ឋសភា។
ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ទៅកាន់ឥស្សរជនដែលជាប់ឆ្នោតជាអ្នកតំណាងរាស្រ្ត ក្នុងមណ្ឌលនីមួយៗ អញ្ជើញទៅចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទីចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨ និង៣០នាទី។