៧ខែ!កម្ពុជានាំចេញកសិផលជាង៤,៥លានតោននិងរកចំណូលបានជាង២,៦ប៊ីលានដុល្លារ

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេសសរុបចំនួន ៤ ៥១៤ ៨៩៣,៧៤តោន ក្នុងនោះរួមមាន៖ អង្ករចំនួន៣៦២ ៧០៨,០០តោន ស្រូវ១ ៥១០ ៨៥០,០០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន២ ៦៤១ ៣៣៥,៧៤តោន។ កសិផលនាំចេញសរុបត្រូវបាននាំទៅកាន់ទិសដៅចំនួន៦៨ប្រទេស មានការថយចុះដក១៩,២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database)។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ បើតាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផល(ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ)មានចំនួន ២ ៦២៩ ៥៩៦ ៥២៤,៥៦ដុល្លារអាមេរិក(ជាង២,៦ប៊ីលានដុល្លារអាមេរិក)។ ក្នុងចំណោមទឹកប្រាក់សរុប រួមមាន តម្លៃពីការនាំចេញអង្ករមានចំនួន ៣១៣ ៧៤២ ៤២០ដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានចំនួន ៥០៤ ៧១៤ ៣៧២ ដុល្លារអាមេរិក និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ១ ៨១១ ១៣៩ ៧៣២,៥៦ដុល្លារអាមេរិក។

ក្រសួងកសិកម្មអះអាងថា ថ្វីត្បិតការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលរបស់កម្ពុជាមានកំណើនចំនួន ៣,៣២ភាគរយ ។ កំណើននេះជាសញ្ញាណវិជ្ជមានមួយឈានទៅរកការកើនឡើងនៅពេលវេលាខាងមុខ។ កើនឡើងដោយសារតែ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន។

ក្រសួងកសិកម្មគូសបញ្ជាក់ទៀតថា តម្លៃអង្ករលើទីផ្សារអន្តរជាតិបាននិងកំពុងតែហក់ឡើង ហើយកម្ពុជាកំពុងតែសិក្សាអំពីយុទ្ធសាស្ត្រដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ចពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃនិងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds