ក្រសួងទេសចរណ៍ទាមទារឱ្យលោកNigel Ngចេញមុខសុំទោសចំពោះមាក់ងាយមុខម្ហូបខ្មែរ

ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng ឬ Uncle Rogerដែលគេស្គាល់ថា ជាតារាកំប្លែង និងជាអ្នកបង្កើតមាតិកាល្បីឈ្មោះរបស់ម៉ាឡេស៊ី ក្រោយបុគ្គលនេះបានធ្វើអធិប្បាយលើបណ្តាញសង្គមរបស់ខ្លួនវាយតម្លៃមិនល្អមកលើម្ហូបអាហាររបស់ខ្មែរ។

ក្រសួងបានបង្ហាញការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូ ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា «Uncle Roger Make Adobo»។

ក្រសួងទេសចរណ៍ចាត់ទុក ការវាយតម្លៃម្ហូបខ្មែររបស់បុគ្គលឈ្មោះ Nigel Ng បានប្រាសចាកទាំងស្រុង ពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណម្ហូបអាហារខ្មែរ។ ក្រសួងថា ការវាយតម្លៃរបស់បុគ្គលរូបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បានខិតខំជំរុញការផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ឱ្យពិភពលោកទាំងមូលបានស្គាល់យ៉ាងទូលំទូលាយថា “កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង់ និងមានម្ហូបអាហារដ៏សម្បូរបែប”។ ជាក់ស្តែងកាលពីឆ្នាំ២០២២ សៀវភៅម្ហូបអាហារខ្មែរ «The Taste of Angkor» ដែលចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជាប់ចំណាត់ថ្នាក់ The Best Asian Cookbook Prize នៅក្នុងកម្មវិធី The Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស។

ក្រសួងទេសចរណ៍អះអាងថា ក្រសួងកំពុងសហការជាមួយភាគីពាក់ព័ន្ធយ៉ាងជិតស្និទ្ធ និងស្នើឱ្យបុគ្គលឈ្មោះ Nigel Ng ឬ Uncle Rogerចេញមុខសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវវីដេអូដែលបានចុះផ្សាយនោះឡើងវិញជាបន្ទាន់ នៅលើបណ្ដាញសង្គមរបស់ខ្លួន។

លោក Nigel Ng គឺជាអ្នកបង្កើតមាតិកាល្បីឈ្មោះមួយរូបរបស់ម៉ាឡេស៊ី ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា និងឡាវរិះគន់ខ្លាំងៗ ក្រោយពីលោកបានផលិតវីដេអូចម្អិនម្ហូបមួយបង្ហោះលើបណ្ដាញសង្គមយូធូប(Youtube) ហើយបានប្រើប្រាស់ពាក្យពេចន៍វាយតម្លៃមិនសមរម្យចំពោះមុខម្ហូបរបស់ខ្មែរ និងឡាវ។ លោកNigel Ng មានអ្នកតាមដានលើបណ្ដាញសង្គមយូធូបប្រមាណជាង៨លាននាក់ និងអ្នកតាមដានលើបណ្ដាញសង្គមហ្វេសប៊ុកប្រមាណជាង៣លាននាក់។ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ លោកNigel Ng ទើបតែត្រូវបានហាមឃាត់ពីក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់ចិនឈ្មោះWeibo ក្រោយបានលេងសើចប៉ះពាល់ដល់នយោបាយរបស់ប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open