ស្លា.ប់៤នាក់និង ៥១នាក់ទៀតបានបាត់ខ្លួន ករណីទូកដឹកជនចំណាកស្រុក លិចនៅឆ្នេរសមុទ្រប្រទេសទុយនេស៊ី
ទុយនេស៊ី៖ យ៉ាងហោចណាស់ជនចំណាកស្រុកបួននាក់បានស្លាប់ និង ៥១នាក់ទៀតបាត់ខ្លួន បន្ទាប់ពីទូកដឹក ជនចំណាកស្រុកមួយបានលិចនៅកោះ Kerkennah ក្នុងប្រទេស Tunisia ដោយបន្ថែមថា ជនចំណាកស្រុកទាំងអស់បានធ្វើដំណើរមកពីអនុតំបន់សាហារ៉ាប្រទេសអាហ្វ្រិក។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។
ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែកក្កដា ក្នុងឆ្នាំនេះ ឆ្មាំឆ្នេរសមុទ្រទុយនីស៊ី បានរកឃើញសាកសព ចំនួន ៩០១ នៅតាមឆ្នេរសមុទ្ររបស់ខ្លួន ដែលជាតួលេខមិនធ្លាប់មានពីមុនមក ។ ក្នុងឆ្នាំនេះ ប្រទេសអាហ្រ្វិកខាងជើងកំពុងប្រឈមមុខនឹងរលកធំៗនៃការធ្វើចំណាកស្រុក និងគ្រោះ មហន្តរាយជាញឹកញាប់ចំពោះទូកដឹកជនចំណាកស្រុកចេញពីអនុតំបន់សាហារ៉ាប្រទេសអាហ្រ្វិក ធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រប្រទេសអ៊ីតាលី។
ប្រទេស Tunisia បានជំនួសប្រទេស Libya ក្លាយជាចំណុចធ្វើដំណើរ ដ៏សំខាន់ក្នុងតំបន់សម្រាប់ប្រជាជន ដែលភៀសខ្លួនចេញពីភាពក្រីក្រ និងជម្លោះនៅក្នុងតំបន់អាហ្រ្វិក និងមជ្ឈិមបូព៌ា ដោយមានក្តីសង្ឃឹមថា ពួកគេនឹងមានជីវិតរស់នៅកាន់តែប្រសើរនៅសហភាពអឺរ៉ុប៕