ក្រសួងសាធារណការប្រកាសសាកល្បងប្រើប្រាស់មុខងារត្រួតពិនិត្យគុណភាពផ្លូវថ្នល់ចាប់ពីខែនេះទៅ

ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងសាកល្បងប្រើប្រាស់មុខងារត្រួតពិនិត្យគុណភាពផ្លូវថ្នល់ (ROAD CARE Supervision)រយៈពេល៦ខែចាប់ពីខែសីហានេះតទៅ ដើម្បីជួយពង្រឹងបន្ថែមលើយន្តការដែលមានស្រាប់ និងធានាដល់ការគ្រប់គ្រងការអនុវត្តការងារត្រួតពិនិត្យគុណភាពបច្ចេកទេសជួសជុល ថែទាំ និងសាងសង់ផ្លូវថ្នល់ ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ស្របតាមគោលនយោបាយ​រដ្ឋាភិបាលឌីជីថល។

កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃអគ្គនាយដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ក្នុងនាមគណៈកម្មការគ្រប់គ្រងការអនុវត្តកម្មវិធីថែទាំផ្លូវថ្នល់ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់មុខងារត្រួតពិនិត្យគុណភាពផ្លូវថ្នល់ (ROAD CARE Supervision) ជូនមន្ត្រីជំនាញបច្ចេកទេសផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានបច្ចេកទេស និងអគ្គនាយកដ្ឋានសាធារណការ។ វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបង្ហាញអំពីរបៀបប្រើប្រាស់មុខងារ មុនពេលចាប់ផ្តើមអនុវត្តប្រើប្រាស់សាកល្បងក្នុងរយៈពេល៦ខែ លើគម្រោងជួសជុល-សាងសង់ជាក់ស្ដែង ដែលស្ថិតក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព មុនពេលឈានដល់ការដាក់អោយប្រើប្រាស់ជាផ្លូវការ។

ក្រសួងសាធារណការនិងដឹកជញ្ជូន បញ្ជាក់ថា មុខងារត្រួតពិនិត្យគុណភាពផ្លូវថ្នល់ (ROAD CARE Supervision) គឺជាមុខងារបន្ថែមថ្មីក្នុងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យថ្នាក់ដឹកនាំមានភាពងាយស្រួលក្នុងការតាមដានការងារគ្រប់គ្រងគុណភាពផ្លូវពីចម្ងាយ ព្រមទាំអាចរក្សាបាននូវកំណត់ត្រាផ្លូវថ្នល់ ប្រវត្តិខ្សែផ្លូវ របាយការណ៍ត្រួតពិនិត្យគុណភាពផ្លូវថ្នល់ និងវឌ្ឍនភាពការងារគម្រោង ជាទិន្នន័យបែបឌីជីថល។

ការរៀបចំមុខងារត្រួតពិនិត្យគុណភាពផ្លូវថ្នល់ (ROAD CARE Supervision) នេះឱ្យចេញជារូបរាង សម្រាប់បម្រើក្នុងវិស័យការងារសាធារណការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការរបស់អគ្គនាយកដ្ឋានទាំង៣ គឺអគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានសាធារណការ និងអគ្គនាយដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ព្រមទាំងជាសមាជិក នៃគណៈកម្មការគ្រប់គ្រងការអនុវត្តកម្មវិធីថែទាំផ្លូវថ្នល់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds