បំបែកសម្បុកគ្រឿងញៀន!សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៦នាក់និងរឹបអូសគ្រឿងញៀនជាង៧៨០គីឡូ

កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានច្បាមចាប់មុខសញ្ញាបានឧក្រិដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំងជាជនជាតិចិន(តៃវ៉ាន់)មួយក្រុមបានធ្វើសកម្មភាពចរាចរគ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាសឆ្លងកាត់ប្រទេសឡាវ និងកម្ពុជា រួចបន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិនតាមលំហរសមុទ្រ។

ប្រត្តិបត្តិការបង្រ្កាបបទល្មើសជួយដូរថ្នាំញៀនទ្រង់ទ្រាយធំនេះ បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី(DEA) ពីកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយការបើកការស៊ើបអង្កេតអស់រយៈពេលជាង៤ខែ។ កម្លាំងសមត្ថកិច្ចជំនាញបែងចែកជា២ក្រុម ដោយក្រុមទី១ ចេញប្រតិបត្តិការនៅវេលាម៉ោង ០២៖៣០រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់បានជនសង្ស័យ២នាក់ ភេទប្រុស ជាជនជាតិចិន(តៃវ៉ាន់)រួមមាន៖ ទី១.ឈ្មោះ AN CHI WEIកើតឆ្នាំ១៩៩២ និងទី២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។ ចំពោះវត្ថុតាងសមត្ថកិច្ចរឹបអូសបានសារធាតុញៀនប្រភេទកេតាមីន៧៨៥ដុំ ស្មើនឹងទម្ងន់ ៧៨៩គីឡូក្រាមនិង៧៨១ក្រាម រួមជាមួយរថយន្ត១គ្រឿង និងទូរស័ព្ទ២គ្រឿង។

ក្រុមទី២ចេញប្រតិបត្តិនៅវេលាម៉ោង០៧៖៣០ព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ៩ និងលេខ១១ ផ្លូវលេខ៣ គម្រោងទី៧ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ភេទប្រុស ជាជនជាតិចិន(តៃវ៉ាន់)រួមមាន៖ ទី១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ជាមេខ្លោង។ ទី២.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩។ ទី៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ១៩៩៧ និងទី៤. ឈ្មោះ TSAI YU CHING កើតឆ្នាំ១៩៨៨។ ចំពោះវត្ថុតាងដែលចាប់បានរួមមាន៖ រថយន្ត៣គ្រឿង ម៉ូតូ ២គ្រឿង ទូរសព្ទ៥គ្រឿង គណនីធនាគារ៨គណនី។ សរុបជារួមសមត្ថកិច្ចទាំងពីរក្រុមចាប់ខ្លួនបានជនសង្ស័យ៦នាក់ សុទ្ធសឹងជាជនជាតិចិនតៃវ៉ាន់ និងរឹបអូសសារធាតុញៀនប្រភេទកេតាមីន៧៨៥ដុំ ស្មើទម្ងន់៧៨៩គីឡូក្រាមនិង៧៨១ក្រាម និងវត្ថុតាងជាច្រើនទៀតដូចជា៖ រថយន្ត៤គ្រឿង ម៉ូតូ២គ្រឿង ទូរសព្ទ៧គ្រឿង និងគណនីធនាគារ៨គណនី។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យក ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds