ក្រសួងសុខាភិបាលច្រានចោលថាគ្មានករណីឆ្លងជំងឺអេដស៍មួយថ្ងៃជាង១ពាន់នាក់នោះទេ

ក្រសួងសុខាភិបាលបានប្រកាសច្រានចោលចំពោះព័ត៌មានតាមបណ្ដាញសង្គមដែលថា នៅកម្ពុជាផ្ទុះមានករណីឆ្លងជំងឺអេដស៍រហូតដល់ជាង១ពាន់នាក់ក្នុងមួយថ្ងៃ គឺជាព័ត៌មានមិនពិតនោះទេ។ ជាមួយគ្នា ក្រសួងបានព្រមានដល់ម្ចាស់គណនីដែលបានផ្សាយព័ត៌មានមិនពិតនេះ​ ឱ្យបញ្ឈប់ការផ្សាយបែបនេះតទៅទៀត​ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ឱ្យចូលរួមទប់ស្កាត់ការផ្សាយបែបបំភ័ន្តមិនពិតនេះ។ ការប្រកាសច្រានចោលរបស់ក្រសួងសុខាភិបាល ធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល

របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បង្ហាញថា នៅចុងឆ្នាំ២០២២ មនុស្សប្រមាណ៧៦,០០០កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះមាន ៧,៤០០០នាក់ ជាមនុស្សពេញវ័យដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងប្រហែល២ពាន់នាក់ជាកុមារអាយុក្រោម១៤ឆ្នាំ។ របាយការណ៍ដដែលបញ្ជាក់ថា ៨៦ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់បានដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ហើយបានប៉ាន់ស្មានថា មនុស្ស១១,០០០នាក់ មិនដឹងថាពួកគេកំពុងផ្ទុកមេរោគអេដស៍នៅឡើយ។

យ៉ាងណាក៏ដោយ កម្ពុជាត្រូវបានចាត់ទុកជាគំរូ ក្នុងការសម្រេចបានខ្ពស់បំផុតនូវអត្រាទទួលសេវាព្យាបាល និងអត្រាកាត់បន្ថយមេរោគមកកម្រិតទាបបំផុតក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អ្នកផ្ទុកមេរោគអេដស៍ ៦៤,៩៣១នាក់ បានកំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ បានន័យថា ៩៩ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ដែលដឹងពីស្ថានភាពរបស់ពួកគេកំពុងទទួលបានការព្យាបាល ហើយ៩៨ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍លើការព្យាបាលត្រូវបានកាត់បន្ថយមេរោគមានកម្រិតទាបបំផុត។

គេប៉ាន់ប្រមាណថា មានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន១,៤០០នាក់ក្នុងឆ្នាំ២០២២ គឺបានន័យថា មនុស្សប្រហែល៤នាក់ បានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ។ ការឆ្លងមេរោគអេដស៍ថ្មី ត្រូវបានកាត់បន្ថយចំនួន៩១ភាគរយ ចាប់តាំងពីការរីករាលដាលនៃមេរោគអេដស៍ខ្ពស់បំផុតក្នុងឆ្នាំ១៩៩៦ ប៉ុន្តែល្បឿននៃការធ្លាក់ចុះបាននិងកំពុងធ្លាក់ចុះ ហើយមានការថយចុះតែ៣៣ភាគរយ បើធៀបនឹងឆ្នាំ២០១០។ ការប៉ាន់ស្មានមេរោគអេដស៍ថ្មីបានបង្ហាញថា ការកើនឡើងសមាមាត្រនៃការឆ្លងមេរោគអេដស៍ថ្មី គឺស្ថិតក្នុងចំណោមបុរស និងក្មេងប្រុសដែលមានចំនួន៧៩ភាគរយ នៃការឆ្លងមេរោគអេដស៍ថ្មីទាំងអស់ក្នុងឆ្នាំ២០២២។ មនុស្សដែលប្រឈមការឆ្លងមេរោគអេដស៍ រួមមានដូចជា៖ បុគ្គលិកផ្នែកកម្សាន្តស្រ្តី បុរសរួមភេទជាមួយបុរស និងអ្នកដែលប្រើ និងចាក់ថ្នាំញៀនជាដើម។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds