ប្រពន្ធនាយពាក់មីចូលសង្រ្គោះបន្ទាន់ក្រោយទៅកែសម្ផស្សនៅហាងS88 Beauty
ប្រពន្ធនាយពាក់មីកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយពីពានទៅទទួលសេវាកម្មកែសម្ភស្ស នៅហាងកែសម្ផស្សS88 Beauty។ នេះបើតាមការបញ្ជាក់របស់លោក ចែម ចាន់ដារ៉ា ហៅនាយពាក់មី តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ។
តាមរយៈការផ្ដល់បទសម្ភាសជូនអ្នកសារព័ត៌មាន នាយពាក់មីបានប្រាប់ថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ប្រពន្ធរបស់លោកបានទៅម៉ាស្សាមុខនៅហាងS88 Beauty ដែលស្ថិតនៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។ នាយបញ្ជាក់ថា ខណៈកំពុងម៉ាស្សាមុខ ប្រពន្ធរបស់នាយបានសាកសួរនាំអំពីសេវាកម្មរបស់ហាងនេះ ហើយក៏បានចាប់អារម្មណ៍លើសេវាកម្មព្យួរសេរ៉ូមធ្វើឱ្យសាច់ស រួចក៏បានឱ្យគ្រូពេទ្យនៅហាងនេះព្យួរសេរ៉ូមនេះភ្លាមៗ។ តែក្រោយពីបានព្យួរសេរ៉ូមអស់ប្រហែលពាក់កណ្ដាលសេរ៉ូម ប្រពន្ធរបស់នាយមានអាការៈធ្វើទុក្ខថប់ដង្ហើម និងធ្វើទុក្ខ តែខាងម្ចាស់ហាងថា អាចមកពីបញ្ហាមករដូវ ឬគេងមិនគ្រប់គ្រាន់។ លុះពេលមកផ្ទះជិះបានពាក់កណ្ដាលផ្លូវ ប្រពន្ធរបស់នាយបានធ្វើទុក្ខក្អួត រាក ងងឹតភ្នែក និងតឹងទ្រូង រហូតទៅដល់ផ្ទះក៏ក្អួតដល់សន្លប់បាត់បង់ស្មារតីតែម្ដង។
នាយពាក់មីបានឱ្យដឹងទៀតថា មកទល់ពេលនេះ ប្រពន្ធរបស់នាយបានដឹងខ្លួនឡើងវិញហើយ តែក៏កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោបន្ទាន់ គឺបន្ទន់ICU នៅឯមន្ទីរពេទ្យកាល់ម៉ែត្រនៅឡើយទេ។ ជាមួយគ្នា នាយពាក់មីបានអំពាវនាវដល់ម្ចាស់ហាងS88 Beauty ឱ្យចេញមុខមកទទួលខុសត្រូវចំពោះបញ្ហា ខណៈសមត្ថកិច្ចបានចុះបិទហាងS88 Beauty សាខានៅផ្សារធំថ្មី៕