ទឹក​ពណ៌​ខ្មៅ ​ហូរ​ធ្លាក់​ចូល​ស្ទឹង​សង្កែ បង្ក​ឲ្យ​ត្រី​ងាប់ ​សង្ស័យ​ថា អាច​ធ្លាយ​ចេញ​ពី​អាង​ស្ដុក​ទឹក​ក្នុង​រោងចក្រ​ចិន​

ខេត្តបាត់ដំបង​៖ ទឹក​ពណ៌​ខ្មៅ ដែលអាច​មាន​សារធាតុពុល បាន​ហូរ​ធ្លាក់​ចូល​ស្ទឹង​សង្កែ បង្ក​ឲ្យ​ត្រី​ងាប់ ដែល​គេ​សង្ស័យ​ថា អាច​ធ្លាយ​ចេញ​ពី​អាង​ស្ដុក​ទឹក​ក្នុង​រោងចក្រ​ចិន​មួយ​កន្លែង មាន​ទីតាំង​ខាង​ក្នុង នៃ​ទំនប់​ពហុ​បំណង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង។

ស្ថានភាព​ទឹក​ខ្មៅ​កខ្វក់​នេះ ប្រជាពលរដ្ឋ​បាន​ឃើញ​ហូរ​ធ្លាក់​ចូល​ស្ទឹង​សង្កែ កាលពី​ព្រឹក​ថ្ងៃ​ទី ២ ខែ​សីហា ឆ្នាំ ២០២៣ ថែមទាំង​ប្រទះ​ឃើញ​ត្រី​ពុល​ងាប់​អណ្ដែត​ទឹក​ព្រោងព្រាត​ទៀត​ផង នៅ​តំបន់​ស្ទឹង​ថ្វាក លាយឡំ​ជាមួយ​ទឹកជំនន់ ល្អក់ ដែល​កំពុង​ឡើង​ជន់​តាម​ដង​ស្ទឹង​សង្កែ ហូរ​ចុះ​មក​ប៉ែក​ខាង​ក្រោម។

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​រតនៈមណ្ឌល បាន​និយាយ​ថា ស្ទើរតែ​រាល់​ឆ្នាំ ពួកគាត់​បាន​ឃើញ​ទឹក​ពណ៌​ខ្មៅ​នេះ មាន​ជាតិ​គីមី​ពុល ដែល​ទំនង​អាច​បែក​ធ្លាយ​ចេញពី​អាង​ស្ដុក​ទឹក​កខ្វក់​ក្នុង​រោងចក្រ​ក្រុមហ៊ុន​ចិន​មួយ​កន្លែង ជិត​ទំនប់​ពហុ​បំណង (​សេក​សក) ហើយ​គេ​ក៏​ប្រទះ​ឃើញ​មាន​ត្រី​ងាប់​អណ្ដែត​ទឹក​ជា​ហូរហែ ចាប់ពី​ចំណុច​កើតហេតុ ចុះ​មក​ក្រោម​តាម​ដងស្ទឹង រហូត​ដល់​តំបន់​រមណីយដ្ឋាន «ស្ទឹង​ថ្វាក» ឃុំ​អណ្ដើក​ហែប ស្រុក​រតនៈមណ្ឌល។

លោក កត បូរ៉ាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​បាន​ដឹង​ហើយ​អំពី​ទឹក​ពណ៌​ខ្មៅ​ហូរ​ចូល​ទឹកស្ទឹង​សង្កែ​នេះ តែ​លោក​មិន​ទាន់​រក​ឃើញ​ប្រភព នៃ​ទឹក​កខ្វក់​ពណ៌​ខ្មៅ​នេះ​ឃើញ​នៅឡើយ​ទេ។

លោក​ប្រធាន​មន្ទីរ បាន​បន្ថែម​ថា លោក​បាន​ដឹង​រឿង​នេះ​ហើយ តែ​ទំនង​មិនមែន​ហូរ​ចេញ​ពី​រោងចក្រ​ចិន​ទេ។ តែយ៉ាងណា ពេលនេះ​មន្ត្រី​ជំនាញ​របស់​លោក កំពុង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ប្រភព​ទឹក​ខ្មៅ​កខ្វក់​នេះ តើ​វា​ហូរ​ចេញ​ពី​ខាង​ណា​មក? គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ទឹក​ខ្មៅ​កខ្វក់​មាន​ជាតិពុល​បែប​នេះ ហូរ​ចេញពី​តំបន់​រោងចក្រ​ចិន ចូល​ស្ទឹង​សង្កែ គឺ​កើត​មាន​ឡើង​ស្ទើរ​រាល់​ឆ្នាំ​នៅ​ពេល​មាន​ជំនន់​ទឹក​ភ្លៀង​ម្តងៗ ដោយ​ខាង មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត តែង​ចុះ​អន្តរាគមន៍​ដល់​ចំណុច​រោងចក្រ​ចិន​នេះ ជា​បន្ត​បន្ទាប់ ដើម្បី​ណែនាំ​ដល់​ភាគី​ក្រុមហ៊ុន​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​ការ​បែក​ធ្លាយ​ទឹក​ពុល​បែប​នេះ ចូល​ស្ទឹង តែ​ហាក់​គ្មាន​ប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds