អ្នកជំនាញសេដ្ឋកិច្ចថា ការទូទាត់ប្រាក់រៀលតាមKHQRកើនឡើងរួមចំណែកកាត់បន្ថយអតិផរណា
នាពេលបច្ចុប្បន្ននេះ ការទូទាត់ប្រាក់តាមប្រព័ន្ធ KHQR Code បានក្លាយជាការពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ ស្របពេលដែលចំនួនប្រតិបត្តិការសាច់ប្រាក់ក៏បង្ហាញពីនិន្នាការកើនឡើងផងដែរ។ ជាក់ស្ដែង គិតត្រឹមខែមេសា ឆ្នាំ២០២៣នេះ ចំនួនប្រតិបត្តិការតាមប្រព័ន្ធ KHQR Code ជាប្រាក់រៀលមានសរុបចំនួន១៦៩,១៩៥ប្រតិបត្តិការ ដោយគិតជាទឹកប្រាក់ចំនួន ៩៧ប៊ីលានរៀល។ នេះបើរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣របស់ធនាគារជាតិនៃកម្ពុជា។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការទូទាត់ប្រាក់រៀលតាមប្រព័ន្ធKHQR Codeនេះ នឹងធ្វើឱ្យកំណើននៃការប្រើប្រាស់ប្រាក់រៀលកើនឡើងកាន់តែច្រើន ដែលរុញឱ្យតម្រូវការប្រាក់រៀលកើនឡើង ហើយនឹងលើកកម្ពស់ឱ្យប្រាក់រៀលឡើងថ្លៃ ដែលនឹងធ្វើឱ្យទំនិញនាំចូលនឹងចុះថោក។ ដូច្នេះលោកថា កំណើននៃការទូទាត់ប្រាក់រៀលតាមKHQR Code ជាការរួមចំណែកក្នុងការកាត់បន្ថយអតិផរណា។
លោកបណ្ឌិត លើកឡើងទៀតថា ដើម្បីលើកកម្ពស់ប្រាក់រៀលបន្ថែមទៀត គឺមានតែវិធីអនុវត្តលើប្រព័ន្ធប្រាក់បៀវត្ស និងប្រាក់ឈ្នួលជាប្រាក់រៀល ពោលគឺត្រូវបើកប្រាក់បៀវត្សជូននិយោជិតជាប្រាក់រៀល ក៏ដូចជាបង្កើតគណនីប្រាក់បៀវត្សជូននិយោជិតជាប្រាក់រៀល។
ក្រៅពីការទូទាត់ជាប្រាក់រៀល ប្រព័ន្ធKHQR Codeក៏មាននូវប្រតិបត្តិការជាប្រាក់ដុល្លារផងដែរ ដោយគិតត្រឹមខែមេសា ឆ្នាំ២០២៣នេះ ចំនួនប្រតិបត្តិការតាមប្រព័ន្ធ KHQR Code ជាប្រាក់ដុល្លារចំនួន២១៦,០៦៨ប្រតិបត្តិការ គិតជាប្រាក់ចំនួន ៣៨លានដុល្លារអាមេរិក។
កន្លងមកធនាគារជាតិនៃកម្ពុជា បានពង្រឹងកិច្ចសហការលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែនជាមួយប្រទេសមួយចំនួនក្នុងតំបន់ដូចជា៖ ប្រទេសថៃ ម៉ាឡេស៊ី ឡាវ និងប្រទេសវៀតណាមជាដើម។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានពង្រឹងលើប្រព័ន្ធទូទាត់ជាមួយប្រទេសហ្វ៉ីជី កោះសូឡូម៉ូន និងប្រទេសរវ៉ាន់ដាដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការទូទាត់តាមបែបឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុរវាងគ្នានិងគ្នា
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ មានគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់សរុបចំនួន៣៥ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចំនួន២ ទទួលបានលិខិតអនុញ្ញាតធ្វើប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា៕