ទីបំផុត!សមត្ថកិច្ចរកឃើញសាកសពនារីវ័យក្មេងចុងក្រោយដែលបាត់ខ្លួននៅជ្រោះឱម៉ាល់ហើយ
(ខេត្តកំពត)៖ ទីបំផុតសាកសពនារីវ័យក្មេងឈ្មោះ ផន ស្រីខួច អាយុ១៩ឆ្នាំ ជាជនរងគ្រោះចុងក្រោយគេ ដែលបានបាត់ខ្លួនក្នុងហេតុការណ៍ទឹកជ្រោះហូរកួចតង់ភ្ញៀវទេសចរ នៅទឹកជ្រោះឱម៉ាល់ ត្រូវបានរកឃើញនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះហើយ ក្រោយពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានបើកប្រតិបត្តិការស្វែងរកអស់រយៈពេលប្រមាណ៣ថ្ងៃ រាប់ចាប់ពីថ្ងៃទី៣០ ខែកក្កដាមកទល់នឹងថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្តកំពត។
សូមរម្លឹកថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៤៖០០នាទីរសៀល មានក្រុមភ្ញៀវទេសចរជនជាតិខ្មែរមានគ្នីគ្នាចំនួន៤៣នាក់(ស្រី១២នាក់)ដែលជាអ្នកទៅពីភ្នំពេញ និងខេត្តតាកែវ បានទៅបោះតង់សម្រាកនៅអមសងខាងទឹកជ្រោះឪម៉ាល់ លុះដល់វេលាម៉ោង៤៖៣០នាទីទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា ស្រាប់តែមានភ្លៀងមួយមេយ៉ាងធំបណ្ដាលឱ្យទឹកជ្រោះខាងលើហូរធ្លាក់មកខ្លាំង និងបានបោកលើតង់និងមនុស្សធ្លាក់ក្នុងទឹកជ្រោះតែម្ដង។ ហេតុការណ៍នេះកើតឡើងក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត និងបានបណ្ដាលឱ្យជនរងគ្រោះ២ស្លាប់បាត់បង់ជីវិត និង២នាក់រងរបួស៕