ក្រោយបោះឆ្នោត ! សាំងធម្មតាឡើង៤០០រៀល និងម៉ាស៊ូតឡើង៤៥០រៀល
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងចាប់ពីថ្ងៃទី១-១០ ខែសីហា ឆ្នាំ២០២៣ ដោយសាំងធម្មតាតម្លៃ ៤.៥៥០រៀលឡើងថ្លៃ៤០០រៀល ខណៈម៉ាស៊ូតតម្លៃ៤.៤៥០រៀលឡើងថ្លៃ៤៥០រៀល បើប្រៀបធៀបនឹង១០ថ្ងៃមុន។
ប្រេងឥន្ធនៈហក់ឡើងតម្លៃខ្លាំងនេះ ស្របគ្នានឹងតម្លៃប្រេងពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ ខែជាប់ៗគ្នា។ ការកើនឡើងនៃតម្លៃប្រេងនេះ បន្ទាប់ពីប្រទេសផលិតប្រេងធំៗជាច្រើនដូចជា អារ៉ាប៊ីសាអូឌីត រួមជាមួយរុស្ស៊ី ប្រកាសនាំគ្នាកាត់បន្ថយការផលិតប្រេងរហូតដល់ជាង ១ លានបារ៉ែលក្នុងមួយថ្ងៃ។
បើតាមសារព័ត៌មាន Reuter បានឱ្យដឹងថា តម្លៃជួញដូរប្រេងឆៅរបស់ក្រុមហ៊ុន Brent កាលពីថ្ងៃចន្ទ បានកើនឡើង ១.០២ ដុល្លារ ឬ ១.២ ភាគរយ និងមានតម្លៃ ៨៥.៤៣ ដុល្លារក្នុងមួយបារ៉ែល ហើយវាអាចបន្តហក់ឡើងថែមទៀតរហូត ០.៧ ភាគរយដែលនឹងដាក់លក់ក្នុងតម្លៃ ៨៥.៥៦ ដុល្លារក្នុងមួយបារ៉ែល រហូតដល់ដាច់ឆ្នាំនេះ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។
ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕