រដ្ឋបាលស្រុកស្វាយលើច្រានចោលថាគ្មានករណីយកលុយថ្លៃផ្លូវពីប្រជាពលរដ្ឋដែលឡើងទៅភ្នំគូលែនទេ

រដ្ឋបាលស្រុកស្វាយលើ នៃខេត្តសៀមរាប បានប្រកាសច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមដែលថា មានករណីយកលុយថ្លៃផ្លូវឡើងទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន ពីប្រជាពលរដ្ឋ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកស្វាយលើ។

ការប្រកាសច្រានចោលរបស់រដ្ឋបាលស្រុកស្វាយលើ បន្ទាប់ពីពេលថ្មីៗកន្លងទៅនេះ មានការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមដែលថា មានករណីយកលុយថ្លៃផ្លូវឡើងទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន ពីប្រជាពលរដ្ឋ ដោយរថយន្តធុនធំតម្លៃ ៥ពាន់រៀល រថយន្តធុនតូចតម្លៃ៣ពាន់រៀល ម៉ូតូតម្លៃ១,៥០០រៀល និងភ្ញៀវបរទេសតម្លៃ២០ដុល្លារអាមេរិកក្នុងម្នាក់។

ជាមួយគ្នា រដ្ឋបាលស្រុកស្វាយលើបញ្ជាក់ថា ចំពោះក្រុមហ៊ុននគរគោកធ្លក ខូអិលធីឌី បានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ចាប់ពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះ។ ប៉ុន្តែ នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានកែសម្រួលការវិនិយោគដោយមិនអនុញ្ញាតឱ្យយកថ្លៃចូលទស្សនាពីភ្ញៀវទេសចរណ៍ជាតិ(ប្រជាពលរដ្ឋខ្មែរ) ដែលបានចូលទស្សនាក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែននោះទេ ដោយរក្សាយកថ្លៃចូលទស្សនាសម្រាប់ភ្ញៀវជាជនបរទេសក្នុងម្នាក់តម្លៃ២០ដុល្លារអាមេរិកក្នុង១ថ្ងៃ។

រដ្ឋបាលស្រុកស្វាយលើអះអាងថា ចំពោះប្រជាពលរដ្ឋខ្មែរ ពុំមានការយកថ្លៃចូលទស្សនាក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែននោះទេ គឺក្រុមហ៊ុននគរគោកធ្លក ខូអិលធីឌី យកតែថ្លៃចំណតសម្រាប់រថយន្តដែលចូលទស្សនាតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ដើម្បីរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រួមទាំងការងារបរិស្ថាន អនាម័យ និងរៀបចំចំណតឱ្យបានល្អប្រសើរ។ ដោយឡែក ចំពោះប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងភូមិសាស្រ្តឃុំខ្នងភ្នំ ស្រុកស្វាយលើ និងប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់ គឺពុំគិតថ្លៃនោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds