ការស្តារសត្វខ្លាធំឡើងវិញនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រព័ន្ធអេកូឡូស៊ី
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ គឺជាទិវាសត្វខ្លាធំ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ ជាមួយគ្នា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia)តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានចាត់ទុកការស្តារសត្វខ្លាឡើងវិញនៅតំបន់ជួរភ្នំក្រវាញនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រព័ន្ធអេកូឡូស៊ី។ ក្រៅពី ផ្ដល់អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ការស្ដារចំនួនសត្វខ្លាធំឡើងវិញ ក៏នឹងផ្ដល់អត្ថប្រយោជន៍ខាងផ្នែកវប្បធម៌ផងដែរ។ ជាក់ស្ដែង ប្រជាជនខ្មែរមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយធម្មជាតិ ហើយសត្វខ្លាធំត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃកម្លាំងថាមពល និងតុល្យភាព។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាគ្រោងនឹងនាំយកប្រភេទសត្វខ្លាធំពីប្រទេសឥណ្ឌា ក្រោយប្រភេទសត្វនេះបានបាត់វត្តមានពីព្រៃធម្មជាតិកម្ពុជាអស់រយៈពេលប្រមាណ១៦ឆ្នាំ។ អ្នកនាំពាក្យដដែលបន្តថា សន្តិវិធីក្នុងការនាំយកប្រភេទសត្វកម្រនេះនឹងសម្រេចនាពេលខាងមុខ ហើយចំពោះកិច្ចការងារនេះ កម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នាជាមួយតំណាងរដ្ឋាភិបាលឥណ្ឌាកាលពីឆ្នាំ២០២២កន្លងទៅរួចហើយ។
លោក នេត្រ ភក្រ្តា ក៏បានបង្ហាញក្ដីរំពឹងថា កម្ពុជានឹងអាចមានលទ្ធភាពក្នុងការស្ដារវត្តមានសត្វខ្លាធំក្នុងព្រៃធម្មជាតិឡើងវិញ។ ការថ្លែងបញ្ជាក់បែបនេះ របស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ធ្វើឡើងនៅក្នុងសន្និសីទស្ដីពី យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។
គួររម្លឹកថា កម្ពុជានិងឥណ្ឌាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីស្ដារចំនួនរបាយការណ៍សត្វខ្លាធំនៅកម្ពុជាឡើងវិញ។ ឥណ្ឌាគឺជាប្រទេសដែលឈានមុខគេលើពិភពលោកក្នុងការអភិរក្សសត្វខ្លា ហើយអនុស្សារណៈយោគយល់គ្នារវាងកម្ពុជានិងឥណ្ឌា នឹងអនុញ្ញាតឱ្យកម្ពុជាបានរៀនពីការវឹកហាត់ដែរល្អជាងគេរបស់ឥណ្ឌាក្នុងការអភិរក្សសត្វខ្លា។ នេះគឺជាឱកាសដ៏ល្អ សម្រាប់ប្រទេសកម្ពុជា ដើម្បីក្លាយជាជម្រករបស់សត្វខ្លាម្ដងទៀត។
សត្វខ្លាធំមានសារៈសំខាន់ជាច្រើន ដោយវាអាចបង្កើនចំណូលថវិកាជាតិ តាមរយៈទេសចរណ៍ទស្សនាសត្វខ្លា។ ខ្លាធំអាចរកចំណូលខ្ពស់បំផុតបើប្រៀបធៀបនឹងការរកចំណូលពីសត្វដទៃទៀត ពីព្រោះថាអ្នកទេសចរ គេចូលចិត្តមើលវាណាស់ គ្រាន់តែសត្វខ្លាធំមួយក្បាលរបស់ប្រទេសឥណ្ឌា អាចរកចំណូលរាប់លានដុល្លារចាក់ចូលសេដ្ឋកិច្ចជាតិ មុននឹងវាបាត់បង់ជីវិត៕