សហគមន៍តំបន់ការពារធម្មជាតិ“តាតៃក្រោម”ត្រូវទទួលស្គាល់ជាផ្លូវការ
ក្រសួងបរិស្ថានបានសម្រេចទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ “តាតៃក្រោម”ជាផ្លូវការ។ ការទទួលស្គាល់នេះធ្វើឡើងដោយមានការសម្របសម្រួលពីគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”។
ក្រសួងបរិស្ថានបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិ“តាតៃក្រោម”មានទំហំផ្ទៃដីសរុប ៩៧.៣ ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ស្ថិតនៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ “តាតៃក្រោម” នេះមានគោលបំណងបង្កើនការចូលរួមគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍ មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ ការរៀបចំអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ “តាតៃក្រោម” នឹងត្រូវរៀបចំស្រប់តាមលក្ខន្តិកៈ និងផែនការគ្រប់គ្រងស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
គួរបញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ហើយមានបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ នាពេលបច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍ធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប៕