មន្រ្តីជំនាញចុះស៊ើបអង្កេតករណីប្រជាពលរដ្ឋ៣នាក់ពុលស្រាថ្នំានៅក្នុងក្រុងកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖ មន្ដ្រីសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះអង្កេតករណីពុលស្រារថ្នាំ នៅភូមិត្រពាំង៣ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

មន្ត្រីជំនាញបានស៊ើបសួរព័ត៌មានពីជនរងគ្រោះពុលស្រាថ្នាំចំនួន៣នាក់ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដែលមានអាការៈដូចជា ឈឺក្បាល ស្រវាំងភ្នែង ណែនទ្រូង ពិបាកដកដង្ហើម  ក្អួត  ក្រោយពីបានបរិភោគអាហារ និងស្រាថ្នាំដែលទិញពីផ្ទះលក់ស្រាក្នុងភូមិ អស់ប្រហែលកន្លះលីត្រ។

ជាមួយគ្នា មន្រ្តីជំនាញសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកំពង់ឆ្នាំងបានយកគំរូស្រាថ្នាំដែលសល់ពីជនរងគ្រោះផឹក និងស្រាស  ស្រាថ្នាំដែលបានដកយកពីទីតាំងលក់ស្រានោះពីអាជ្ញាធរ ដែលក្នុងនោះបានដកយកសំណាកគំរូស្រាថ្នាំសល់ពីជនរងគ្រោះផឹក ចំនួន០.១៨លីត្រ និងស្រាសចំនួន ០.២៥លីត្រ និងស្រាថ្នាំ ០.២៥លីត្រផ្សេងទៀត ដើម្បីយកមកមន្ទីរពិសោធន៍លម្អិតនៅអគ្គនាយកដ្ឋាន ក.ប.ប. ស្វែងរកសារធាតុផ្សំផ្សេងៗ ដែលបណ្តាលឱ្យមានករណីពុលនេះកើតឡើង។ យ៉ាងណា មន្រ្តីជំនាញនៅមិនទាន់បង្ហាញពីលទ្ធផលនៃការពិសោធន៍លើសំណាកគំរូស្រាទាំងនោះនៅឡើយទេ។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ នៅថ្ងៃទី២៧កក្កដាបញ្ជាក់ថា ក្រៅពីជនរងគ្រោះទាំង៣នាក់ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង គឺពុំមានអ្នករងគ្រោះផ្សេងទៀតឡើយ។

យ៉ាងណាមិញ លោកប្រធានមន្ទីរសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ឱ្យកាត់បន្ថយការពិសាឱ្យនៅក្នុងកម្រិតទាបបំផុត ប៉ុន្តែបើសិនជាខានមិនបានត្រូវពិនិត្យមើលប្រភពស្រាឱ្យបានច្បាស់លាស់។ ជាពិសេស លោកប្រកាសអំពាវនាវដល់អាជីវករជាអ្នកលក់ដូរស្រាទាំងអស់ កុំលក់ស្រាដែលមានសារធាតុមេតាណុលខ្ពស់ ព្រោះអាចបង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ។ ជាក់ស្ដែង លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា កន្លងទៅមន្រ្តីកាំកុងត្រូលខេត្តក៏តែងតែបានណែនាំជាហូរហែផងដែរទៅដល់អាជីវករនៅក្នុងខេត្តកំពង់ឆ្នាំង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds