ឆ្នាំនេះ!ស្រូវប្រាំងមានតម្លៃខ្ពស់មិនធ្លាប់មាន ខណៈតម្លៃថ្នាំនិងជីកសិកម្មធ្លាក់ថ្លៃ
នៅឆ្នាំ២០២៣នេះ តម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ យោងតាមតម្លៃស្រូវនៅទីវាលដែលប្រមូលដោយសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងឆ្នាំ២០២៣នេះ ស្រូវប្រភេទ IR មានតម្លៃ ១,០៤៧រៀលក្នុងមួយគីឡូក្រាម ខណៈស្រូវប្រភេទ OM មានតម្លៃ ១,០២៩រៀលក្នុងមួយគីឡូក្រាម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ចំណែកឯប្រភេទពូជស្រូវសែនក្រអូបវិញ ក្រសួងកសិកម្មបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ មានតម្លៃខ្ពស់ជាងគេ បើធៀបនឹងប្រភេទពូជស្រូវ IR និង OM ប៉ុន្តែតម្លៃស្រូវសែនក្រអូបមិនសូវមានការប្រែប្រួលទេ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយជាមធ្យម មានតម្លៃចន្លោះពី ១,០០០ទៅ១,២៦០រៀលក្នុងមួយគីឡូក្រាម។
ជាងនេះទៅទៀត ក្រសួងអះអាងថា ក្រៅតែពីថ្លៃស្រូវមានស្ថានភាពល្អប្រសើរ តម្លៃជីកសិកម្ម ចាប់តាំងពីខែមករា ឆ្នាំ២០២៣ រហូតមក ទល់ពេលនេះ មានការធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះ ជីអ៊ុយរ៉េ ធ្លាក់ថ្លៃពី ៣៥ដុល្លារក្នុងមួយបាវ មកនៅត្រឹម ២៣,៥ដុល្លារក្នុងមួយបាវ ខណៈជីដេអាប៉េ (DAP: 18-46-0) ធ្លាក់ថ្លៃពី ៤២ដុល្លារក្នុងមួយបាវ មកនៅត្រឹម ៣៦ដុល្លារក្នុងមួយបាវ។
លើសពីនេះទៀត តម្លៃថ្នាំកសិកម្មមួយចំនួនក៏ថយចុះផងដែរ ដូចជា ថ្នាំកម្ចាត់ស្មៅឈ្មោះ Atrazine 80% WP បានថយចុះ៣៥ភាគរយ ថ្នាំកម្ចាត់ស្មៅឈ្មោះ Glyphosate 48% SL និង 2.4. D 72% SL បានថយចុះក្នុងកម្រិតពី២១ភាគរយ ដល់២៣ភាគរយ ថ្នាំកម្ចាត់ជំងឺឈ្មោះ Mancozeb 80% WP បានថយចុះ ១៤ភាគរយ ថ្នាំសម្លាប់សត្វល្អិតឈ្មោះ Acephate បានថយចុះប្រមាណ៦ភាគរយ ខណៈពេលដែលប្រភេទថ្នាំកសិកម្មផ្សេងទៀតមានការប្រែប្រួលតម្លៃតិចតួច។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គូសបញ្ជាក់ថា លទ្ធផលនេះកើតចេញពីការចូលរួមចំណែក និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទម្លាក់ថវិកាទាន់ពេលវេលា សម្រាប់អន្តរាគមន៍ទប់ទល់នឹងការធ្លាក់ចុះតម្លៃស្រូវក្នុងរដូវប្រមូលផល ការសម្រួលការនាំចេញស្រូវ-អង្ករ និងការបើកឱកាសប្រកួតប្រជែងលើទីផ្សារសម្រាប់ជីនិងថ្នាំកសិកម្មដែលមានគុណភាព៕