ក្រោមតំណក់ភ្លៀង!បណ្ឌិតពេជ្រ ស្រស់ អំពាវនាវដល់ពលរដ្ឋឱ្យជួយបោះឆ្នោតគាំទ្រ«គណបក្សយុវជនកម្ពុជា»ដើម្បីសុំសិទ្ធិបម្រើប្រជាពលរដ្ឋខ្មែរក្នុងរដ្ឋសភាជាតិ

ក្រោមតំណក់ភ្លៀងកំពុងបង្អុរមកយ៉ាងខ្លាំង លោកបណ្ឌិត ពេជ្រ ស្រស់​ រួមជាមួយក្រុមសកម្មជន និងអ្នកគាំទ្រគណបក្សយុវជនកម្ពុជា បានស្រែកអំពាវនាវ និងបន្ទរយ៉ាងម៉ឺងម៉ាត់ ដើម្បីស្នើសុំដល់ប្រជាពលរដ្ឋខ្មែរឱ្យជួយបោះឆ្នោតគាំទ្រគណបក្សយុវជនកម្ពុជា ដែលមានលេខរៀងទី១៦ក្នុងសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ ការអំពាវនាវរបស់លោកបណ្ឌិត ពេជ្រ ស្រស់នេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ គ្រាដែលរូបលោកបណ្ឌិតបានដឹកនាំក្បួនឃោសនាបោះឆ្នោត ក្នុងទឹកដីខេត្តត្បូងឃ្មុំ។

ប្រធានគណបក្សយុវជនកម្ពុជា លោកបណ្ឌិត ពេជ្រ ស្រស់ ជាបុគ្គលមួយរូបដែលតែងតែឈឺឆ្អាលរឿងសង្គមជាច្រើន។ ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សយុវជន និងតែងតែតាមដានពីសុខទុក្ខប្រជាពលរដ្ឋ លោកបណ្ឌិតធ្លាប់បានអន្តរាគមន៍តាមរយៈការអំពាវនាវនានាជុំវិញបញ្ហាផ្សេងដែលប្រជាជនពលរដ្ឋជួបប្រទះ។ ជាក់ស្ដែង កាលពីអំឡុងពេលដែល ពលរដ្ឋកំពុងជួបបញ្ហាសេដ្ឋកិច្ចខ្លាំងក្នុងវិបត្តិជំងឺកូវីដ-១៩ លោកបណ្ឌិត ពេជ្រ ស្រស់ ធ្លាប់បានចេញមុខអំពាវនាវទៅកាន់រាជរដ្ឋាភិបាលឱ្យជួយសម្រួលជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីពន្យារពេលបង់ការប្រាក់ផងដែរ។

image description

នាពេលថ្មីៗនេះ ដើម្បីបង្ហាញឆន្ទៈពួកយើងជាយុវជនចង់បម្រើប្រជាពលរដ្ឋក្នុងក្របខណ្ឌរដ្ឋសភាជាតិ លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សយុវជនមួយចំនួនទៀត បានសម្រេចជិះកង់ចម្ងាយរហូតដល់ទៅ ៣២៨គីឡូម៉ែត្រ ក្រោមប្រធានបទ «ជិះកង់ដើម្បីសុំសិទ្ធិបម្រើប្រជាពលរដ្ឋខ្មែរក្នុងរដ្ឋសភាជាតិ»។

កើតក្នុងគ្រួសារមានជីវភាពក្រីក្រមួយ ប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានសម្រេច​បោះបង់ចោល​ការសិក្សា​នៅត្រឹម​ថ្នាក់​ទី​៨ នា​ឆ្នាំ​១៩៩៥ ហើយ​វេច​បង្វេចខោអាវ​ឡើងមក​ធ្វើការ​សំណង់​នៅ​ភ្នំពេញ ដោ​យមក​ស្នាក់នៅ​ផ្ទះជួល​នៅ​ម្ដុំ​ផ្សារ​ហេង​លី ជាមួយ​បងស្រី​ខ្លួន ដែល​ប្រកប​របរ​កម្មករ​កាត់​ដេរ​។ ក្រោយ​ប្រកបការងារ​ជា​កម្មករសំណង់ រយៈពេល​១៦​ខែ ដោយ​ទទួលបាន​ប្រាក់​ពលកម្ម ៥៥០០​រៀល​ក្នុង​មួយថ្ងៃ​នោះ មិនអាច​ជួយ​ឲ្យ​យុវជន ពេជ្រ ស្រស់ មាន​ប្រាក់​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​បានឡើយ​។

ត្បិត​ធ្វើការ​សំណង់​ទទួលបាន​ប្រាក់​ពលកម្ម​តិច ហើយ​ចំណាយ​កម្លាំង​ច្រើន​នោះ យុវជន ពេជ្រ ស្រស់ ត្រូវ​ផ្លាស់ប្ដូរ​ការងារ​មក​ធ្វើជា​កម្មករ​កាត់ដេរ​នៅក្នុង​រោងចក្រ ៥ ជាន់ មុននឹង​ប្ដូរ​មក​ធ្វើការ​នៅ​រោងចក្រ​ដើម​ស្វាយ ហើយក៏​ជា​ពេលដែល​យុវជន​បោះបង់ចោល​ការសិក្សា​តាំងពី​ថ្នាក់​ទី​៨​រូបនេះ បានចាប់ផ្ដើម​ងាក​មក​បន្ត​ការសិក្សា​វិញ ដើម្បី​ផ្លាស់ប្ដូរ​ខ្សែជីវិត​ខ្លួន ក្រោយពី​មានការ​ណែនាំ​ពី​មិត្តភក្តិ​ដែល​ធ្វើការ​រោងចក្រ​ជាមួយគ្នា​។ «​នៅពេល​ខ្ញុំ​ធ្វើការ​រោងចក្រ​នោះ ខ្ញុំ​ធ្វើការ​បណ្ដើរ​រៀន​អង់គ្លេស​បណ្ដើរ​។ ខ្ញុំ​រៀន​ព្រឹក​ម៉ោង​៦ ហើយ​ខ្ញុំ​ចេញ​មុន​ម៉ោង​១៥​នាទី ដើម្បី​ធ្វើដំណើរ​មក​ធ្វើការ​នៅ​រោងចក្រ​ម៉ោង​៧​ព្រឹក ។ ចំណែក​ម៉ោង​៦-៧ ល្ងាច ខ្ញុំ​រៀន​អង់គ្លេស​វគ្គ​សន្ទនា អស់​រយៈពេល​២-៣​ឆ្នាំ រហូតដល់​ខ្ញុំ​រៀន​ភាសា​អង់គ្លេស​ចេះ​ជ្រៅជ្រះ​។ ក្រោយមក​ខ្ញុំ​ក៏​ឃើញ​មិត្តភក្ដិ​ដែល​បោះបង់ចោល​ការសិក្សា​ដូច​ខ្ញុំ​ដែរ គេ​ធ្វើការ​បណ្តើរ រៀន​សកល​វិទ្យាល័យ​បណ្ដើរ ហើយ​ខ្ញុំ​ក៏​សួរ​គេ គេ​ក៏​ផ្ដល់យោបល់​ខ្ញុំ​ឲ្យ​រៀន​បំពេញវិជ្ជា​ក្រៅ​ម៉ោង​បន្ត​ពី​ថ្នាក់​ទី​៨ ទៅ​ទី​១២ នៅ​ចតុមុខ ។ តែ​ខ្ញុំ​គ្មាន​ពេល​រៀន​គ្រប់គ្រាន់​ដូច​គេ​ខ្ញុំ​ក៏​ប្រឡង​ធ្លាក់​បាក់​ឌុប​។ ក្រោយមក​ខ្ញុំ​យក​លិខិតបញ្ជាក់​ការសិក្សា ពី​ការធ្លាក់​បាក់​ឌុប​មក​រៀន​បរិញ្ញាបត្រ​រង​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក ពេជ្រ ស្រស់ ដែល​បាន​បន្ត​សិក្សា​ថ្នាក់​បរិញ្ញាបត្ររង​ផ្នែក​ច្បាប់​មុខងារសាធារណៈ នៅ​ឆ្នាំ​២០០៥ និង​បន្ត​បរិញ្ញាបត្រ​នៅ​ឆ្នាំ​២០០៨ នៅ​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា ក្រោយពី​បែកបាក់​ស្នេហា ហើយ​ត្រូវបាន​អតីត​សង្សារ​ដែលមាន​ចំណេះដឹង​ខ្ពស់ជាង​ខ្លួន ប្រើពាក្យ​ប្រមាថ​លោក​ថា «​ជា​កម្មករ​រោងចក្រ​ដៃ​ប្រឡាក់​ប្រេងម៉ាស៊ីន មាន​ឋានៈ​ទាប​មិន​សាក​សម​រូបនាង​»​។

តាមពិតទៅ​ពាក្យ​ប្រមាថ​មួយ​ម៉ាត់​ដែល​ចេញពី​មាត់​អតីត​សង្សារ​ខ្លួន​នេះ សម្រាប់​លោក ពេជ្រ ស្រស់ មិនមែនជា​ការមើល​ងាយ​ទេ តែ​វា​ជាការ​ជំរុញ​លើកទឹកចិត្ត​លោក​ឲ្យ​ប្តេជ្ញា​សិក្សា​មុខវិជ្ជា​ច្បាប់​នេះ ដើម្បី​ងើប​ផុតពី​ជីវិត​ជា​កម្មករ​រោងចក្រ​។ បើតាម​យុវជន​កូន​កសិករ​ខេត្ត​ត្បូងឃ្មុំ​រូបនេះ ធ្លាប់បាន​បម្រើ​ការងារ​ជា​ជំនួយការ​ផ្នែក​រដ្ឋបាល​នៅក្នុង​រោងចក្រ និង​ធ្វើជា​អនុប្រធាន​សហជីព​សម្ព័ន្ធ​ដើម្បី​សេរីភាព​កម្មករ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០០៥ មុននឹង​លាឈប់​ពី​តួនាទី​នៅ​ឆ្នាំ​២០០៦ ហើយ​បាន​ចូលរួម​សកម្មភាព​នយោបាយ​ក្នុងតួនាទី​ជា​ប្រធាន​ចលនា​យុវជន​ក្រុងភ្នំពេញ និង​ប្តូរ​មកជា​ជំនួយការ​លោក មិន ប៊ុនឆៃ តំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស ដែល​ដឹកនាំ​ដោយ​ឯកឧត្តម កឹម សុខា ។

ក្នុងអំឡុងពេល​បំពេញការងារ​ក្នុង​បក្ស​សិទ្ធមនុស្ស​មួយឆ្នាំ លោក ពេជ្រ ស្រស់ តែងតែ​គោរព និង​ឲ្យ​តម្លៃ​ចំពោះ​គោលនយោបាយ​ឯកឧត្តម កឹម សុខា ។ ប៉ុន្តែ​ដោយសារតែ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​មន្ត្រី​ក្នុង​គណបក្ស​សិទ្ធិមនុស្ស យុវជន​ខ្ពស់​ស្គម​រូបនេះ បានសម្រេច​លាឈប់​ពី​តួនាទី​ខ្លួន ដោយ​ងាក​មក​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន វើ​ល​រូ មេ​ឌា​ឌី​ហ្សា​ញ់ ដែលជា​ឱកាសល្អ​សម្រាប់ ពេជ្រ ស្រស់ អាច​យកចំណេះ​ដឹងខ្លួន​បង្កើត​«​អង្គការ​រួមគ្នា​ដើម្បី​ភាព​រីកចម្រើន​»​ក្នុង​ឆ្នាំ​២០១០ ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម ដោយមាន​ការជួយជ្រោមជ្រែង​ពី​ថៅកែ​ក្រុមហ៊ុន ឌី​ហ្សា​ញ់ នេះ​ផ្ទាល់​។ « ថៅកែ​ក្រុមហ៊ុន​ហ្នឹង​គាត់​រៀន​នៅ​អូស្ត្រាលី គាត់​មានចិត្ត​ទូលាយ​(Open mind) ផ្ទេរ​ការអប់រំ​ឲ្យ​យើង​។ ដូចនេះ​ខ្ញុំ​មានគំនិត​មួយ​សូរ​គាត់​ថា បង​! បើ​ខ្ញុំ​បើក​អង្គការ​មួយ តើ​បង​ឯង​ជួយ​ខ្ញុំ​អត់​? គាត់​ថា​ជួយ តែ​ឲ្យ​ខ្ញុំ​ធ្វើការ​ឲ្យ​កន្លែង​គាត់​ផង និង​បើក​សិទ្ធិ​ធ្វើការ​អង្គការ​ផង​។ ដូច្នេះ​ខ្ញុំ​ក៏​បង្កើត​អង្គការ​មួយ​ឈ្មោះ រួមគ្នា​ដើម្បី​ភាព​រីកចម្រើន ដោយ​ទទួលបាន​អាជ្ញាប័ណ្ណ​ឆ្នាំ​២០១០ រហូតដល់​រយៈពេល​៥​ឆ្នាំ​។ នៅក្នុង​ការងារ​អង្គការ​ខ្ញុំ​លើកទឹកចិត្ត​យុវជន​ឲ្យ​ប្រឹងរៀន និង​ជំរុញ​ឲ្យ​ពួកគេ​រក​ឱកាស​ខ្លួនឯង​នៅពេល​អនាគត​។ ហើយ​ខ្ញុំ​ធ្វើ​ការងារ​ឃ្លាំមើល​សិទ្ធិមនុស្ស​ផង ជួយ​កុមារ​ផង រហូតដល់​ការជួយ​ទាមទារ​ដោះស្រាយ​បញ្ហាដីធ្លី​ប្រជាពលរដ្ឋ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អតីត​ប្រធាន​អង្គការ​រូ​ម​គ្នា​ដើម្បី​ភាព​រីកចម្រើន មុននឹង​លោក​សម្រេចចិត្ត​ប្រឡូក​ចូល​ឆាកនយោបាយ ដោយ​បង្កើត​គណបក្ស​យុវជន​កម្ពុជា នៅ​ចុងឆ្នាំ​២០១៥ ក្រោយពី​មានបទពិសោធន៍​ចូលរួម​សកម្មភាព​នយោបាយ និង​ជួយ​ដោះស្រាយ​បញ្ហា​សង្គម​អស់​រយៈពេល​ជាង​៦​ឆ្នាំ​។​

គួរឱ្យដឹងថា លោកបណ្ឌិត ពេជ្រ ស្រស់ គឺជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​​បង្កើតឡើង​កាលពី​ចុងឆ្នាំ​២០១៥​កន្លងមកនេះ។ មូលហេតុ​ដែល​បុរស​វ័យ​៣៧​រូបនេះ បោះជំហាន​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​នោះ ដោយសារតែ​លោក​មាន​ហេតុផល​ពីរ​យ៉ាង​គឺ​ទី​១ លោក​មិន​ពេញចិត្ត​ចំពោះ​អ្នកនយោបាយ​ចាស់ៗ ដែល​តែងតែ​ដឹកនាំ​ធ្វើ​នយោបាយ​ប្រជា​ភិ​ថុ​ត លាភ​ពណ៌​គ្នា​ទៅវិញទៅមក គិតតែ​ផលប្រយោជន៍​បក្ស ជាង​ផលប្រយោជន៍​ប្រជាជន​។ ហេតុផល​ទី​២ គឺប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូបនេះ ចង់​ដឹកនាំ​យុវជន​ឲ្យ​មាន​ភាពក្លាហាន ហ៊ាន​ដោះស្រាយ​បញ្ហា​នៅក្នុង​សង្គម​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​ពឹង​ផ្អែកលើ​អ្នកនយោបាយ​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ពេជ្រ ស្រស់ ដែល​ធ្លាប់មាន​អតីត​ភាពជា​កម្មករសំណង់ និង​ជា​កម្មករ​រោងចក្រ មុននឹង​លោក​ក្លាយជា​ប្រធាន​អង្គការ​រួមគ្នា​ដើម្បី​ភាព​រីកចម្រើន ហើយ​បន្ត​មក​ធ្វើជា​ប្រធាន​គណបក្សនយោបាយ​យុវជន​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​៕

ដោយ៖ ព្រួញទេព​

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds