ពីថ្ងៃទី១៩ដល់២៥កក្កដា! កម្ពុជានឹងបន្តរងឥទ្ធិពលពីជ្រលងព្យុះទី៤

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាបសកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា លក្ខណៈខាងលើនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ ដោយផ្នែក លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែក តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រីឯ តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់។

ជាមួយគ្នានេះ ក្រសួង បានអំពាវនាវសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds