លោកសៅ សុខាចុះសួរសុខទុក្ខកីឡាការិនីឈិត សាភឿន ដែលរងរបួសបាក់ឆ្អឹងដងកាំបិតក្នុងការប្រកួតជាមួយឡាវ

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានចុះសួរសុខទុក្ខកីឡាការិនី ២នាក់ដែលបានរងរបួសក្នុងពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំ ក្នុងនោះមានកីឡាការិនី ឈិត សាភឿន ដែលរងរបួសបាក់ឆ្អឹងដងកាំបិតនៅស្មាខាងឆ្វេង ពេលប្រកួតជាមួយឡាវដោយរកបាន ២គ្រាប់ ជួយកម្ពុជាទទួលបានជ័យជំនះ។ ជាមួយគ្នា លោកប្រធានសហព័ន្ធបាល់ទាត់កម្ពុជាក៏បានចុះសួរសុខទុក្ខកីឡាការិនីឈ្មោះ ស្រី នូ របួសជង្គង់ពេលហ្វឹកហាត់នៅបាទីផងដែរ។

សូមរម្លឹកថា ការប្រកួតក្នុងព្រឹត្តិការណ៍​ពានរង្វាន់បាល់ទាត់នារីអាស៊ាន អាយុក្រោម ១៩ឆ្នាំ ( AFF U19 Women’s Championship 2023 ) ​នៅកីឡដ្ឋាន Palembang ប្រទេសឥណ្ឌូណេស៊ី នាល្ងាចថ្ងៃទី៥ ខែកក្កដា​ ក្រុមបាល់ទាត់នារីកម្ពុជា បានយកឈ្នះក្រុមបាល់ទាត់នារីឡាវ ក្នុងលទ្ធផល ២ ទល់នឹង ១។

នេះជាការប្រកួតដំបូងរបស់ក្រុមបាល់ទាត់​នារីកម្ពុជា ក្នុងពូល A ដែលមានម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ទីម័រខាងកើត និងឡាវ។

ការ​ប្រកួតបន្ទាប់ U-19 នារីកម្ពុជា ត្រូវជួប U-19 នារីទីម័រខាងកើត នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងការប្រកួតចុងក្រោយ ក្នុងពូល A ក្រុមបាល់ទាត់នារីកម្ពុជា ជួប​ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។

គួរបញ្ជាក់​ថា ព្រឹត្តិការណ៍​​​ពានរង្វាន់បាល់ទាត់នារីអាស៊ាន អាយុក្រោម ១៩ឆ្នាំ (AFF U19 Women’s Championship 2023) នេះ គឺមាន ១០ក្រុមចូលរួម និងបែងចែកជា ៣ពូល។ គឺពូល A មាន ៤ក្រុម៖ កម្ពុជា ឡាវ ទីម័រខាងកើត និងឥណ្ឌូណេស៊ី។ ពូល B៖ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី។ ពូល C៖ ថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន៕

\

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds