អ្នកជំនាញសេដ្ឋកិច្ចថាការនាំចេញរបស់កម្ពុជានឹងបន្តកើនឡើងនៅក្នុងឆមាសទី២

ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារបរទេសទទួលបានទឹកប្រាក់ជាង១១.៤៦ពាន់លានដុល្លារអាមេរិក ​កើនឡើងប្រមាណ០.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ប្រមាណជាង១១.៣៧ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា ការនាំចេញរបស់កម្ពុជាកើនឡើង ដោយសារការបញ្ជាទិញនៅទូទាំងពិភពលោកមានការស្ទុះងើបឡើងកាលពីខែមីនា។ ជាមួយគ្នា លោកបញ្ជាក់ថា បើតាមការប៉ាន់ស្មាន ការនាំចេញរបស់កម្ពុជានឹងបន្តមានការកើនឡើងនៅក្នុងរង្វង់ខែកក្កដា និងខែសីហាខាងមុខនេះ ជាពិសេសក្នុងនោះវិស័យកាត់ដេរក៏នឹងអាចបន្តកើនឡើងមកវិញផងដែរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍

ចំពោះមូលហេតុដែលអាចធ្វើឱ្យការនាំចេញរបស់កម្ពុជាមានការស្ទុះឡើងវិញ អ្នកជំនាញសេដ្ឋកិច្ចដដែលអះអាងថា បើសិនជាកម្ពុជាលើកទឹកចិត្តឱ្យមានការនាំចេញកាន់តែច្រើនតាមរយៈការបន្ថូរបន្ថយថ្លៃដើមនានា នោះនឹងអាចធ្វើឱ្យលំហូរសាច់ប្រាក់ហូរចូលមកកម្ពុជាវិញ ដែលជួយឱ្យសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញ។

សូមបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសរុបសម្រេចបានជាង២៣ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះការនាំចេញទំនិញកម្ពុជាទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំជាងគេនោះ បានបង្ហាញនិន្នាការកើនឡើងជាង១៦ភាគរយ តែការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអាមេរិកហាក់មានការធ្លាក់ចុះជាង៨ភាគរយ។ ចំណែកឯ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសំខាន់ៗផ្សេងៗទៀត ដូចជាប្រទេសវៀតណាម ថៃ ជប៉ុន និងសិង្ហបុរីជាដើម សុទ្ធតែមានការកើនឡើងដូចៗគ្នា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds